(កណ្តាល)៖ កម្លាំងនគរបាល នៃអធិការស្រុកអង្គស្នួល បានចាប់ខ្លួនបុរសម្នាក់ តាមដីការបស់សាលាដំបូងខេត្តកណ្ដាលពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានឲ្យដឹងថា ការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនខាងលើនោះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់បាយភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សូវណ្ណា បានឲ្យដឹងថាសង្ស័យឈ្មោះ ចាន់ ជន អាយុ៤៤ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជន នេះត្រូវបានចាប់ខ្លួនយោង ដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់លោកហួត ហ៊ាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។
ជាប់ចោទពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការខេត្តកណ្ដាល៕