(មណ្ឌលគិរី)៖ លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសតែងតាំង អភិបាលរងខេត្តមណ្ឌលគិរីថ្មី ជំនួសអភិបាលរងចាស់ ដែលឲ្យទៅបម្រើការងារថ្មីនៅក្រសួងមហាផ្ទៃវិញ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង ៥ផងដែរ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា ការប្រកាសអភិបាលរងខេត្តមណ្ឌលគិរីថ្មី ជំនួសអភិបាលរងខេត្តចាស់ ដែលទទួលភារកិច្ចថ្មី គឺដើម្បីបំពេញរចនាសម្ព័ន្ធក្នុងជួរគណៈអភិបាលខេត្ត ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានសំណូមពរដល់លោកអភិបាលរងខេត្ត ដែលទើបចូលកាន់មុខដំណែងថ្មី ត្រូវចូលរួមសហការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសជំរុញលើកទឹកចិត្ត ដល់មន្រ្តីមន្រ្តីរាជការ ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងណែនាំដល់មន្រ្តីរាជការទាំងអស់ អនុវត្តការងារដោយគោរពទៅតាមតួនាទី ភារកិច្ច និងឋានានុក្រមការងារសំដៅរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ងី ចន្ទ្រផល បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋកន្លងមកបានល្អប្រសើរ។
លោកបញ្ជាក់ថា ការផ្ទេរភារកិច្ច និងការចូលកាន់មុខដំណែងអភិបាលរងខេត្ត គឺជាតម្រូវការធម្មតាក្នុងការផ្ទេរមុខងារ ទីកន្លែងធ្វើការក្នុងការពង្រឹងស្ថាប័ន និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គម ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានណែនាំដល់លោកអភិបាលរងខេត្តថ្មី ត្រូវចូលរួមសហការជាមួយគ្រប់ស្ថាប័ន ក្នុងការពង្រីក និងពង្រឹងនូវការទំនាក់ទំងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការឲ្យបានល្អ។
លោកផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ចទាំងអស់ត្រូវចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ និងត្រូវសហការគ្នាខិតខំយកចិត្តទុកដាក់ដោះស្រាយនូវទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានលក្ខណៈសមរម្យ។
សូមជម្រាបថា លោក ចឹង សុចន្ដា ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ១ ពីអភិបាលរងខេត្តមណ្ឌលគិរី ត្រូវតែងតាំងឲ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ជំនួសដោយលោក ជាក់ ម៉េងហ៊ាង ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ ពីអភិបាលរងខេត្តក្រចេះ ឱ្យទៅកាន់មុខដំណែងជាអភិបាលរងខេត្តមណ្ឌលគិរី ហើយអភិបាលរងក្រចេះ គឺតែងតាំងលោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោជំនួសវិញ៕