(កណ្ដាល)៖ សំណូមពររបស់អ្នកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលចំនួន ១៧ចំណុច ត្រូវបានអាជ្ញាធរខេត្តកណ្ដាលយល់ព្រមទទួល ដោះស្រាយជូនតាមជំហ៊ានៗ ដោយមិនទុកចោលលើ តុនោះឡើយ។ នេះជាការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់ខេត្តកណ្ដាល ចំពោះពលរដ្ឋស្រុកកណ្ដាលស្ទឹង ដែលបានស្នើរសុំមកអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាអ្វីៗដែលពលរដ្ឋបានលើកឡើងមកនេះ រដ្ឋបាលខេត្តមិនមែនយកទុកលើតុចោលនោះទេ គឺនឹងដោះស្រាយជូនពលរដ្ឋនូវរាល់ទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពលរដ្ឋ មិនទុកចន្លោះណាមួយឡើយពោលគឺដោះស្រាយតាមជំហ៊ានៗឲ្យមានប្រសិទ្ធភាព និងទាន់ពេល។
លោក នួន ផា ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើនដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា រដ្ឋបាលខេត្តនឹង បន្តពង្រឹងយន្តការនៃការផ្ដល់សេវាសាធារណៈតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋ បាលស្រុកឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនឹងបន្តអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមកាកសំណល់ដើម្បីធានាបាន នូវបរិស្ថានល្អផងដែរ។
ជាលទ្ធផលក្នុងវេទិកានេះ មានសំណូមពរពីប្រជាពលរដ្ឋចំនួន ១៧សំណូមពរពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការចេញប័ណ្ណកម្មសិទ្ធិ ការទប់ស្កាត់ឡានដឹកដី ដែលមិនគោរពតាម បទដ្ឋានបច្ចេកទេសធ្វើឱ្យហុយ និងខូចផ្លូវ សុំផ្លូវបេតុង សុំដាក់លូរំដោះទឹក និងសុំតបណ្ដាញទឹកស្អាត ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បីពន្លឿនក្នុងការដោះស្រាយផងដែរ។
សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋ ដោយផ្ដោតលើការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការងារសេដ្ឋកិច្ច និងសង្គមកិច្ច មានចំនួន៣៣បញ្ហា ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនបានរួចរាល់ចំនួន ១០បញ្ហា នៅសល់ ២៣បញ្ហាទៀតកំពុងដោះស្រាយបន្ត៕