(កំពង់ឆ្នាំង)៖ កសិករមួយគ្រួសាររស់នៅក្នុងភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់យកមុខរបរចិញ្ចឹមបង្កង ដោយទទួលបានផលជាទីមោទន បច្ចុប្បន្នបានកែប្រែជីវភាពរបស់ពួក គាត់ឲ្យមានជីភាពធូរធាជាលំដាប់។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់កសិដ្ឋានចិញ្ចឹមបង្កងរបស់កសិករមួយកន្លែង និងបានឃើញនូវទិដ្ឋភាព និងទីតាំងនៃការចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យរបស់គ្រួសារខាងលើនេះ ដោយផ្ទាល់ផងដែរ។
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខាងលើនេះ បានឲ្យដឹងថា ការដែលគាត់បានចាប់យកមុខរបរចិញ្ចឹមបង្កងនេះ ដំបូងឡើយ គឺពួកគាត់បានទៅរៀនបច្ចេកទេស ផ្នែកចិញ្ចឹមបង្កងនេះពីកសិករម្នាក់ ដែលគាត់ប្រកបមុខរបរចិញ្ចឹមបង្កងនៅឯខេត្តបាត់ដំបង ដោយជំហានដំបូងគាត់ចិញ្ចឹមលក្ខណៈខ្នាតតូចនៅឡើយ ព្រោះមិនទាន់ហ៊ានចំណាយដើមទុនច្រើននៅឡើយនោះទេ គឺចិញ្ចឹមនៅក្នុងស្រះចិញ្ចឹមបណ្តើរ ធ្វើការដកពិសោធន៍ជាបណ្ដើរ លុះទទួលផលជាវិជ្ជមានហើយ គាត់ក៏បានពង្រីកការចិញ្ចឹមជាលក្ខណៈមធ្យម ដោយចិញ្ចឹមនៅក្នុងអាងវិញ។
ពូជបង្កងទាំងនេះ មានឈ្មោះថា បង្កងដង្កៀបក្រហម ដែលនាំចូលមកពីប្រទេសអូស្ត្រាលី រីឯចំណីសម្រាប់បង្កងវិញ គឺមានចំណីគ្រាប់ការ៉ុង និងចំណីធម្មជាតិ គឺជាប្រភេទផ្លែឈើគ្រប់មុខ ចំពោះទីតាំងនៃការចិញ្ចឹមបង្កងវិញ គាត់ថាបើសិនជាយើងចិញ្ចឹមនៅក្នុងស្រះទឹក ឬវាលស្រែ ដែលមានទឹកជម្រៅ ពី៨តឹកទៅ១ម៉ែត្រកន្លះ បើមានដើមស្រូវនៅក្នុងស្រះចិញ្ចឹមនោះផងរឹតតែល្អ ដោយដើមស្រូវទាំងនោះ វានឹងបង្កើតខ្យល់អុកស៊ីសែន ដែលយើងមិនចាំបាច់ប្រើខ្យល់អុកស៊ីសែន ជំនួយនោះឡើយ។
សព្វថ្ងៃនេះ គាត់ក៏មានបង្កងមេបា និងកូនបង្កងសម្រាប់លក់ជូនអតិថិជន ដែលចង់ជាវយកទៅបង្កាត់ពូជ ឬក៏យកទៅចិញ្ចឹមសាកល្បងផងដែរ ដោយមេបាបង្កងមួយគូរតម្លៃ ១០ដុល្លារ រីឯកូនបង្កងមួយគ្រាប់តម្លៃ ២,០០០រៀល, តម្លៃបង្កងសាច់មួយគីឡូក្រាមតម្លៃ ៣០ដុល្លារ ក្នុងមួយគីឡូក្រាម មានបង្កងចំនួនជាង ១០ក្បាល និងមានទទួលបង្រៀនសិស្ស ដែលចង់មករៀនយកបច្ចេកទេស និងបទពិសោធន៍នៃការចិញ្ចឹមបង្កងនេះ ដើម្បីយកទៅចិញ្ចឹមខ្លួនឯងផងដែរ។
ពួកគាត់ដែលជាម្ចាក់កសិដ្ឋានខាងលើ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលចង់បានពូជបង្កង ដង្កៀបក្រហម នាំមកពីប្រទេសអូស្ត្រាលីនេះ យកទៅចិញ្ចឹមសូមទាក់ទងតាមលេខទូរស័ព្ទរបស់គាត់ 012 34 48 34, 088 47 77 440 គាត់នឹងទទួលបង្រៀន និងចែកជូននូវបទពិសោធន៍ល្អៗ ក្នុងការចិញ្ចឹម ដោយមិនគិតប្រាក់ឡើយ៕