(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២,៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
យោងតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះមានចំនួនសរុបប្រមាណ ៥៤,៨៨៩នាក់ នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ អន្តរជាតិសរុប ៥៨៥នាក់ នារី ១៤៦នាក់ និងនិស្សិតកំពុងសិក្សាសរុប ១៦,២៩៦នាក់ នារី ៨.០៥៩នាក់។
របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងផងដែរថា ក្នុងចំណោមនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៣,៦៩% មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៣,១៦% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៨,២៧%៕