មេភូមិ និងមេឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការចោទថា បានលួចលក់ដីរបស់ពលរដ្ឋដែលមានប្លង់រឹង
25-12-2019 15:34
(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ហេង វណ្ណៈ ដែលបានអះអាងថា ខ្លួនជាម្ចាស់ដីស្របច្បាប់ រហូតមានប្លង់រឹងស្ថិតនៅភូមិរលួស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចោទមេភូមិ និងមេឃុំថា បានលួចស៊ីញេដីគាត់លក់។
ម្ចាស់ដីដែលជាមន្រ្តីរាជការម្នាក់ផងនៅខេត្តកំពង់ស្ពឺ បានប្រាប់ថា លោកមិនចង់ប្តឹងប្តល់នោះទេ គ្រាន់តែសុំឲ្យលោកមេភូមិ និងមេឃុំ ប្រជុំហើយសម្រេចលុបចោលលិខិតទិញលក់ដីទាំងនេះទៅ នោះលោកក៏យល់ព្រមបញ្ចប់ត្រឹមហ្នឹងដែរ។
តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ លោក ហេង វណ្ណៈ បានប្រាប់ថា មេឃុំក្រាំងអំពិល លោក ម៉ី ខេត និងមេភូមិរលួសលោក យ៉ាង ខន បានស៊ីញ៉េលក់ដីចំណីផ្លូវ ឬ ជាដីសេនិវាទសម្រាប់ម្ចាស់ដីមានប្លង់រឹងខាងក្រោយប្រើប្រាស់ ទៅឲ្យឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ និងមានប្រពន្ធឈ្មោះ ចេវ សុខណាក់ រស់នៅភូមិ-ឃុំខាងលើ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយពុំមានព្រំប្រទល់ត្រឹមត្រូវឡើយ។
លោកថា ដីរបស់លោកមានប្លង់រឹងត្រឹមត្រូវ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
ម្ចាស់ដីមានប្លង់រឹងរូបនេះ ក៏សូមឲ្យលោកមេភូមិ និងមេឃុំឲ្យប្រជុំលុប ឬធ្វើលិខិតមោឃភាពលើលិខិតទិញលក់ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីបញ្ចប់រឿងត្រឹមនេះ តែការចរចាត្រូវបានលោក មេឃុំបែរជាបដិសេធ ថែមទាំងឲ្យគេធ្វើរបងទាំងបំពានមកលើដីលោកទៀតផង។ ម្ចាស់ដីនៅតែទទូចឲ្យថ្នាក់លើមេត្តាជួយពិនិត្យមើលករណី ហើយម្ចាស់ដីក៏មិនចង់វែងឆ្ងាយនោះទេ សុំត្រឹមលុបលិខិតទិញលក់ខុសច្បាប់នោះវិញបានហើយ។
យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោកមេភូមិ និងមេឃុំបាននោះទេនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ៕