Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករនៅខេត្តក្រចេះ ប្រាប់អំពីវិធីសាស្ដ្រចិញ្ចឹមមាន់លក្ខណៈគ្រួសារ តាមបែបបច្ចេកទេស ដែលអាចរកចំណូលជិត ២០០ដុល្លារក្នុងមួយខែ

25-12-2019 15:18

(ក្រចេះ)៖ លោក ប៉ែន ចំណាក់ ជាប្រជាពលរដ្ឋរស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ធ្លាប់មានបទពិសោធន៍៤ឆ្នាំ ក្នុងការចិញ្ចឹមមាន់ បានឲ្យដឹងថា ការចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារតាមបែបបច្ចេកទេស គឺទទួលបានប្រាក់ចំណូល មធ្យមជិត២០០ដុល្លារ ក្នុង១ខែ។

លោក ប៉ែន ចំណាក់ បន្តថា ការចិញ្ចឹមមាន់ តាមលក្ខណៈបច្ចេកទេសនេះ វាបានផលចំណេញច្រើន ទី១៖ ទទួលបានចំណេះដឹងពីការ ការពារចាក់វ៉ាក់សាំង ការផ្ដល់ចំណីទៅតាមប្រភេទ នៃទម្ងន់មាន់ ឲ្យបានស៊ីគ្រប់គ្រាន់។ មានលក្ខណៈខុស ពីការចិញ្ចឹមសត្វមាន់តាមបែបសាមញ្ញធម្មតា បាចអង្ករឲ្យវាស៊ីរួច គិតតែពីលែងចោល ពេលខ្លះសូម្បីតែទ្រុងក៏មិនធ្វើផង។

លោកបាននិយាយរៀបរាប់ថា ការចិញ្ចឹមមាន់ មុខដំបូងគឺ៖

*ទី១៖ ការជ្រើសរើសពូជ ត្រូវរើសយកបាណា ដែលមានមាឌធំ មានសុខភាពល្អ មិនឆ្នាសឬកាច
*ទី២៖ ការសាងសង់ទ្រុង ត្រូវសាងសង់លើដីទីទួល ដែលគ្មានទឹកលិច ស្ថានភាព និងបរិយាកាសជុំវិញមានភាព អំណោយផលល្អ
*ទី៣៖ ការថែទាំ និងការផ្ដល់ចំនីអាហារ
*ទី៤៖ វិធានការការពារ និងការចាក់វ៉ាក់សាំង ការធ្វើវ៉ាក់សាំងនេះ គឺសំខាន់ណាស់ ចាប់តាំងពីកូនមាន់ មានអាយុចាប់ពី១ថ្ងៃ ដល់៧ថ្ងៃការពារ ដូចជាជំងឺញ៉ូវកាស អុត និងជំងឺអាសន្នរោគ។

លោកបានបញ្ជាក់ថា ការផ្ដល់ថ្នាំថែទាំ សុខភាពសត្វមាន់ គឺជាកត្តាសំខាន់ពិសេស នៅពេលមានការបម្រែបម្រួលអាកាសធាតុ ព្រោះវាអាចធ្វើឲ្យមាន់មានជំងឺ ដូច្នេះកសិករ ត្រូវចេះពីរបៀបផ្សំថ្នាំ ឬត្រូវផ្ដល់ប្រភពវីតាមីន និងការធ្វើវ៉ាក់សាំងដល់សត្វមាន់ទាំងនោះ។ ចំពោះបញ្ហាការបម្រែបម្រួលអាកាសធាតុនេះដែរ កសិករក៏អាចប្រើថ្នាំធម្មជាតិ ដូចជា ខ្ញី ស្កត្នោត ជាដើម លាយឲ្យវាផឹក ដើម្បីផ្ដល់ជាកម្លាំង និងផ្ដល់ជាកម្ដៅបានផងដែរ។

ជាចុងក្រោយ លោក ប៉ែន ចំណាក់ ក៏មានសារមួយផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំទុកពេលវេលាចោល ត្រូវយកពេលវេលានោះ ព្យាយាមបង្កើតអាជីព ឬបង្កើតមុខរបរបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕