(ឧត្តរមានជ័យ)៖ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពគ្រួសារពលរដ្ឋក្រីក្រងាយរងគ្រោះ និងរងគ្រោះបំផុត នៅក្នុងសហគមន៍ ឱ្យមានឱកាសបង្កើត និងបង្កើនមុខរបរ កែលម្អជីវភាពគ្រួសារ, កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្ដទុក្ខដាក់ខ្ពស់ ដោយបានផ្ដល់ជាប្រាក់កម្ចីខ្នាចតូចគ្មានការប្រាក់មួយនេះឡើង។
កម្ចីគ្មានការប្រាក់នេះ បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ ដែលមានក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល។
ជាក់ស្ដែង ប្រជាពលរដ្ឋជាង៥០០គ្រួសារ រស់នៅខេត្ដឧត្ដរមានជ័យ ទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ហើយកាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ពលរដ្ឋ ១១គ្រួសារដែលបានទទួលកម្ចីនេះ បានធ្វើឲ្យជីវភាពរបស់គាត់មានល្អប្រសើរឡើង។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការស្ដីទី កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ក៏បានចុះសួរសុខទុក្ខ និងស្វែងយល់ពីការបង្កបង្កើនផលពីអាជីវកម្មខ្នាតតូច បន្ទាប់ពីទទួលបានប្រាក់កម្ចីនេះ និងបន្ដផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់បន្ថែមទៀត ជូនដល់គ្រួសារយុទ្ធជន និងអតីតយុទ្ធជនពិការ ចំនួន១៥គ្រួសារ ដែលរស់នៅលើដីសម្បទាន អូរអំបិល ភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយគ្រួសារ នីមួយៗទទួលថវិកា១លានរៀល ។
ទន្ទឹមនឹងនោះ អគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ពីជីវភាពរស់នៅ និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្ត ដល់គ្រួសារយុទ្ធជនទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ឡើង។
លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើនូវការកោតសរសើរ ដល់យុទ្ធជនជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ ទៅបម្រើជាតិ មាតុភូមិ រីឯភរិយា រស់នៅផ្ទះខិតខំ ប្រកបរបរ និងពង្រីកមុខរបរ ចិញ្ចឹមកូនឱ្យមានអនាគតរុងរឿង។
ព្រមជាមួយគ្នានេះ គ្រួសារយុទ្ធជនទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត គ្រួសារយុទ្ធជន បានបេ្ដជ្ញាខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាព ជាពិសេសក្នុងភូមិថ្មីនេះ ដែលនឹងក្លាយជាសហគមន៍ ដែលមានការអភិវឌ្ឍគ្រប់ផ្នែកនាពេលខាងមុខ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋ នៃខេត្តឧត្តរមានជ័យ សរុបចំនួន ៥៧០គ្រួសារ ក្នុងនោះគ្រួសារពិការ ១២៣គ្រួសារ ដែលរស់នៅស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកបន្ទាយអំពិល ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ ជាដើម៕