(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ នៃសារធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌ជាមួយគ្នា។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីប្រតិបត្តិការកិច្ចការមនុស្សធម៌នេះ ធ្វើឡើងនៅសាលាខេត្តរតនគិរី រវាងលោក ថង សាវុន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងលោក យឿង ឌិញយៀន ប្រធានសមាគមកាកបាទក្រហម ខេត្តយ៉ាឡាយ។
លោក ថង សាវុន បានថ្លែងថា យោងតាមខ្លឹមសារ កិច្ចសន្យាសហប្រតិបត្តិការអន្តរជាតិ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជា និងយោងតាមមុខងារភារកិច្ច និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រវាងថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ជាមួយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ទើបយើងឈានដល់ពិធីចុះហត្ថលេខា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ជាមួយសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយអនុលោមតាមគោលការណ៍គ្រឹះ និងលក្ខន្តិកៈរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមកិច្ចព្រមព្រៀងទីក្រុង Seville ឆ្នាំ១៩៩៧ យុទ្ធសាស្ត្ររបស់សមាគមជាតិ ទាំង៣កម្ពុជា ឡាវ វៀតណាម ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ ដែលកំពុងមានជាធរមាន ក្នុងស្មារតីសមភាពការគោរព តាមប្រព័ន្ធប្រកបដោយទស្សនវិស័យបទប្បញ្ញត្តិ និងប្រពៃណីនៃប្រទេសជាភាគី។
ខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀង មានដូចជា៖ ការធ្វើកិច្ចសហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌, ការចាត់តាំងអង្គប្រជុំមួយឆ្នាំម្ដង ដោយធ្វើការផ្លាស់ប្តូរវេនគ្នា ធ្វើម្ចាស់ផ្ទះ, រាល់កម្មវិធីត្រូវសហប្រតិបត្តិការមនុស្សធម៌ នៃខេត្តទាំង២ ចាំបាច់យកចិត្តទុកដាក់គឺ៖ ការងារសង្គ្រោះជាបន្ទាន់, ការថែទាំសុខភាព, ការផ្សព្វផ្សាយតម្លៃមនុស្សធម៌, ការផ្តល់ឈាម, ការការពារទប់ស្កាត់គ្រោះមហន្តរាយ។
ពេលមានគ្រោះមហន្តរាយកើតឡើង ជះឥទ្ធិពលដល់អាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានការសំណូមពរ ពីភាគីណាមួយ គឺភាគីមួយទៀត ត្រូវចាត់តាំងក្រុមប្រតិបត្តិ ជួយសង្គ្រោះបន្ទាន់។ ក្រៅពីនោះ ភាគីទាំងពីរ បង្កើនការទំនាក់ទំនងផ្លាស់ប្តូរ រាល់សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាព្រមទាំងការចូលរួម មតិបទពិសោធន៍កសាងអភិវឌ្ឍន៍ សមាគមកាកបាទក្រហមរបស់ខេត្តទាំង២៕