(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន ជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានបន្ថែម ការយកចិត្តទុកដាក់ ពាក់ព័ន្ធនិងបញ្ហាផ្សេងៗ ដែលមានភាពអសកម្ម ដូចជាល្បែងស៊ីសង ជាពិសេសល្បែងហ្គេមបាញ់ត្រី បញ្ហាគ្រឿងញៀន និងបរិស្ថានអនាម័យផងដែរ។
ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ របស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានការចូលរួម ពីអាជ្ញាធរពាក់ព័ន្ធដូចជា លោក-លោកស្រី អភិបាលរងអធិការ និងមេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងលោក លោកស្រីជាចៅសង្កាត់ លោកមេភូមិទាំង៥ ក្នុងខណ្ឌចំការមនផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរ ក្នុងមូលដ្ឋានផ្ទាល់លោក លោកស្រីដែលជាចៅសង្កាត់ រឺមេភូមិ ត្រូវរាយការណ៍ដោយផ្ទាល់ មកគណៈអភិបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពាក់ព័ន្ធ និងករណីគ្រឿងញៀន បញ្ហាល្បែងស៊ីសងនិង បញ្ហាបរិស្ថាន ដែលប្រជាពលរដ្ឋរាយការណ៍ ឲ្យជួយដោះស្រាយ។
លោកបន្តថា កន្លងមកក្នុងនាមអាជ្ញាធរខណ្ឌ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តែងតែចុះជួយដោះស្រាយដោយផ្ទាល់ មិនដែលប្រកែកឡើយ តែមានពេលខ្លះ ក៏ឆកល្វែងម្តងម្តាលដោយសារ មានការងារជាច្រើន ដែលត្រូវដោះស្រាយ តែទោះជាយ៉ាងណា សន្យានិងជួយសំរួលរាល់សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនិងបញ្ហាដាក់គោលដៅ ត្រួតពិនិត្យអាវុធ និងជាតិស្រវឹង នៅពេលយប់ លោក ថេង សុថុល បានជំរុញសមត្ថកិច្ចជំនាញ ត្រូវផ្លាស់ប្តូរទីតាំងដាក់វេន គ្រប់សង្កាត់ទាំង៥ ទូទាំងខណ្ឌធ្វើយ៉ាងណា សំដៅរជួយទប់ស្កាត់ និងកាត់បន្ថយរាល់បទល្មើសផ្សេងៗ ដែលឆ្លងកាត់ ទីតាំងត្រួតពិនិត្យ។
លោកអភិបាលខណ្ឌចំការមន ក៏បានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ចុះពិនិត្យដោយផ្ទាល់ នៅតាមដីឡូតិ៍ទុកចោលមួយចំនួន ដែលមានករណីប្រមូលផ្តុំ គ្នាជក់ថ្នាំញៀន ដែលថ្មីនេះ ត្រូវបានជនសង្ស័យបង្វែរចេញ ពីតាមក្លឹបកម្សាន្តទៅប្រមូលផ្តុំគ្នាជក់ នៅតាមបន្ទប់ជួលរឺ ខុនដូ និងដីឡូតិ៍ទុកចោលផងដែរ។
រីឯបញ្ហាសណ្តាប់ធ្នាប់សាធារណៈ នៅលើដងផ្លូវ អភិបាលខណ្ឌចំការមន គ្រោងនឹងរៀបចំខ្នោះសំរាប់ចាក់កង់រថយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយចាប់អនុវត្តនៅតាមផ្លូវបណ្តោយលូបឹងត្របែក ដែលកន្លងមកអាជ្ញាធរ បានជូនដំណឹងជាច្រើនដង តែម្ចាស់យាន្តយន្តហាក់ធ្វើមិនដឹងមិនលឺ ហើយមិនខ្វល់ និងការជូនដំណឹងរបស់អាជ្ញាធរ និងនៅបន្តចតយាន្តយន្ត គ្មានសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ មិនអាចធ្វើដំណើរបានផងដែរ៕