(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះរុះរើសំណង់ដែលមានហានិភ័យខ្ពស់ ចំនួន២៣ការដ្ឋាន នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាន។
ក្នុងរបាយការណ៍នេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី បានចូលរួមជាមួយគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឱ្យរុះរើសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន២៣ការដ្ឋាន ណែនាំឱ្យធ្វើកោសល្យវិច័យចំនួន១៦៦ការដ្ឋាន និងណែនាំឱ្យបំពេញនីតិវិធីចំនួន ៣៨១ការដ្ឋាន។
ក្រសួងរៀបចំដែនបានចូលរួមនៅក្នុងសមាជិកក្រុមការងារគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ បានចំនួន ៥ដំណាក់កាល ហើយបាននិងកំពុងរៀបចំរបាយការណ៍បច្ចេកទេសលើការងារពិសោធន៍ផ្នែកភូគព្ភសាស្ត្រ ផ្នែកដែក និងផ្នែកបេតុងផងដែរ។
ក្រៅពីចុះត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ក្រសួងជំនាញនេះក៏បានចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសំណង់ នៅខេត្តបន្ទាយមានជ័យចំនួន ៥៨៦ការដ្ឋាន ក្នុងនោះសំណង់ដែលបានកែតម្រូវមានចំនួន២ការដ្ឋាន សំណង់ដែលត្រូវបានផ្អាកចំនួន៤ការដ្ឋាន និងណែនាំឱ្យបំពេញនីតិវិធីចំនួន ៤៧០ការដ្ឋាន។
ពាក់ព័ន្ធនឹងវិស័យសំណង់នេះ ក្រសួងរៀបចំដែនដី បានចុះបញ្ជីស្ថាបត្យករ ១០២រូប (ស្រ្តី១៤រូប) ក្នុងនោះមានស្ថាបត្យករសញ្ជាតិបរទេសចំនួន១រូប ( សញ្ជាតិបារាំង) ទទួលប្រាក់វិភាគទានប្រចាំឆ្នាំ ពីស្ថាបត្យករ ចុះបញ្ជីបានចំនួន១១៣រូប ស្មើនឹងថវិកាចំនួន ១៦, ៨៤០,០០០រៀល។ ជារួមចាប់ពីឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះបញ្ជីស្ថាបត្យករចំនួន៨៥០រូប (ស្រ្តី៩៥រូប) ក្នុងនោះស្ថាបត្យករសញ្ជាតិជាតិបរទេសចំនួន ១៣រូប ( សិង្ហបុរី៣រូប ជប៉ុន២រូប ម៉ាឡេស៊ី ២រូប បារាំង២រូប អង់គ្លេស១រូប រុស្សី១រូប ចិន១រូប និងសាធារណរដ្ឋកូរ៉េ១រូប) និងបានទទួលប្រាក់វិភាគទានប្រចាំឆ្នាំសរុបចំនួន ២៨៥រូប ស្មើនឹងថវិកាចំនួន ៣៩, ៦៤០,០០០រៀល៕