(កំពង់ចាម)៖ ថ្លែងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សាឧត្តរ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាចម្បងនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងខណៈពេលដែលប្រទេសកម្ពុជាយើងកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៦នេះ បានជ្រើសយកកត្តាធនធានមនុស្សគឺជាកត្តាចម្បង នៃយុទ្ធសាស្ត្រចតុកោណ ក្រៅពីទឹក ភ្លើង និងផ្លូវថ្នល់។ ដូច្នេះយើង ត្រូវចាំបាច់ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ទាំងការខិតខំរបស់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជាការខិតខំសិក្សារបស់សិស្សានុសិស្សផងដែរ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឬស្សីយ៉ាងពិតប្រាកដ ដើម្បីអនាគតរបស់ខ្លួនរបស់គ្រួសារ និងឈានទៅអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។
ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន ឲ្យដឹងផងដែរថា សមិទ្ធផលដែលបានកំពុងតែសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺត្រូវបានដឹកនាំកសាងដោយលោក អ៊ុន ចាន់ដា រួមជាមួយសប្បុរសជនក្នុងនោះមាន លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី និងលោកស្រី បានជួយកសាងខ្លោងទ្វារសាលា និងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ អស់ទឹកប្រាក់ចំនួន ៥,៥៥០ដុល្លារអាមេរិក។ លោក ហ៊ន់ ស៊ាងហុង និងអ្នកស្រី ហេង ច័ន្ទបុប្ផា បានជួយជួសជុលអគារ ១ខ្នងចំណាយទឹកប្រាក់អស់ចំនួន ៥,០០០ដុល្លារអាមេរិក។
លោក យូ ទី និងភរិយា បានកសាងរូបសំណាកសម្តេចព្រះសង្ឃរាជ សម្តេច ជួន ណាត អស់ទឹកប្រាក់ចំនួន ៤,៨០០,០០០រៀល លោក សយ ស៊ា និងភរិយា បានកសាងរូបសំណាក ក្រមង៉ុយ អស់ទឹកប្រាក់ ១,២០០,០០០រៀល លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំ និងភរិយា ជួយចាក់សាប ចំណាយទឹកប្រាក់អស់ចំនួន ២,០០០,០០០រៀល លោកស្រី សាន់ សុផាន់ណារ័ត្ន និងស្វាមីឧបត្ថម្ភទិញកាំមេរ៉ា ៤០០ដុល្លារអាមេរិក និងលាបអគារចំនួន ៤.០០០.០០០រៀល ថវិកាសប្បុរសជនក្រាលការ៉ូឡា ចំណាយទឹកប្រាក់អស់ចំនួន ១,៣៣៥ដុល្លារអាមេរិក និង ១៣,៤១៦,០០០រៀល ថវិកាសប្បុរសជនសង់រោងរង់ចាំនៅខាងមុខសាលា ចំណាយទឹកប្រាក់អស់ចំនួន ៤២០ដុល្លារអាមេរិក និង ៧២០,០០០រៀល ផងដែរ៕