(ភ្នំពេញ)៖ យីហោស្មាតហ្វូនថ្មីរៀលមី Realme បានដាក់សម្ពោធកំពូលស្មាតហ្វូន Realme X2 Pro ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ស្មាតហ្វូនកម្ពុជា កាលរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីក្រុមហ៊ុនបានដាក់លក់ស៊េរីស្មាតហ្វូន realme 5 ដែលបានធ្វើឱ្យអតិថិជនរបស់ ខ្លួនមានការភ្ញាក់ ផ្អើលម្តងរួចមកហើយ។
តាមរយៈការធ្វើបទបង្ហាញរបស់ លោក ឡៅ ខេងប៊ុង (Cambodia Market Manager) ជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា លើកនេះ realme X2 Pro នាំមកនូវបទពិសោធន៍ ស្មាតហ្វូនដ៏អស្ចារ្យជាមួយនឹងល្បឿនអេក្រង់ កាមេរ៉ា ៦៤មេហ្គាភិចស៊ែល ជាពិសេសទូរស័ព្ទ Realme X2 Pro គឺជាទូរស័ព្ទដែលសាកថ្មលឿនជាងគេបង្អស់ នៅលើទីផ្សារកម្ពុជា ដែលអាចសាកថ្មពី ០ភាគរយ ទៅ១០០ភាគរយ ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ។
លោក ឡៅ ខេងប៊ុង បានបន្ថែមថា ក្រុមហ៊ុន Realme ពិតជាមានសេចក្តីរីករាយ ដែលបានចូលខ្លួន និងមករួមចំណែកធ្វើចរាចរទីផ្សារទូរស័ព្ទដៃ នៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរស័ព្ទទំនើបសម្រាប់អ្នកប្រើប្រាស់ ហើយ Realme X2 Pro ជាស្មាតហ្វូនដែល ស័ក្តិសមបំផុតសម្រាប់ឆ្នាំនេះ ក្នុងតម្លៃត្រឹមតែ ៦៥៩ដុល្លារ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា Realme គឺជាម៉ាកទូរស័ព្ទថ្មី ដែលទើបបង្កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៩ ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារ ជុំវិញពិភពលោកដូចជា៖ ប្រទេសឥណ្ឌា, ចិន, សិង្ហបុរី, ចក្រភពអង់គ្លេស, បារាំង, ថៃ និងប្រទេសជាច្រើនទៀត។
Realme មានបំណងផ្តល់ជូននូវផលិតផលទូរសព្ទមួយ ដែលស្រស់ស្អាត ស៊ីវិល័យ ជាមួយបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សម្រាប់ការប្រើប្រាស់ ហើយមានតម្លៃសមរម្យ។ Realme Cambodia ដែលមានរហស្សនាមថា Dare to Leap សង្ឃឹមថានិងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាចំណែកមួយ នៃម៉ាកផលិតផលទូរស័ព្ទ ដែលស្ថិតក្នុងបេះដូងមនុស្សគ្រប់គ្នា ក្នុងប្រទេសកម្ពុជា៕