(ភ្នំពេញ)៖ រយៈពេលប្រមាណជា ១សប្តាហ៍ ដែលវីដេអូពាណិជ្ជកម្មស្រាបៀរកម្ពុជារូបរាងថ្មី ត្រូវបានចាក់ផ្សាយស្ទើរគ្រប់ស្ថានីយ៍ទូរទស្សន៍ ធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន ដែលបានឃើញតួឯកប្រុសក្នុងវីដេអូនោះ។
ការចាប់អារម្មណ៍នោះ គឺទៅលើតួឯកប្រុសដែលមានរូបរាងខ្ពស់សង្ហារ ពូកែសម្តែងជាមួយទឹកមុខសប្បាយរីករាយ និងស្នាមញញឹមបង្កប់ទៅដោយមន្តស្នេហ៍ ដែលមានទម្រង់មុខស្រដៀងកូនកាត់បន្តិច ប៉ុន្តែតាមពិតគឺ លោក នូ ឧសភា ដែលជាម្ចាស់បទ «ព្រងើយ» ហើយកំពុងតែល្បីខ្លាំងក្នុងស្រទាប់យុវវ័យសោះ។
លោក ម៉ៃឃើល សុវណ្ណ បានបញ្ជាក់ថា ក្រុមហ៊ុនបានជ្រើសរើសលោក នូ ឧសភា ជាតួប្រុសពីកម្ពុជាតែម្នាក់គត់ ទៅចូលរួមថតវីដេអូពាណិជ្ជកម្ម ជាមួយក្រុមកីឡាករល្បីលំដាប់ថ្នាក់ពិភពលោក គឺ Manchester City ដោយសារសង្កេតថា លោក ឧសភា មានសមត្ថភាពខ្លាំងក្នុងការសម្តែង និងលេងទឹកមុខបានល្អ រួមជាមួយរូបសម្រស់ និងការស្លៀកពាក់ប្រចាំថ្ងៃរបស់លោកមានលក្ខណៈឡូយទំនើប ទាន់សម័យ សក្តិសមទៅនឹងរូបរាងថ្មីដ៏ទាន់សម័យរបស់ស្រាបៀរកម្ពុជា។
លោកបន្តថា លោកក៏ជាអាយដលរបស់តារាចំណូលថ្មីនេះដែរ តាមរយៈបទចម្រៀងចាក់ដោតបែបមនោសញ្ចេតនារបស់លោកដែលមានចំណងជើងថា «ព្រងើយ»។
លោកក៏បានបង្ហើបផងដែរថា ក្រុមហ៊ុននឹងនាំលោក ឧសភា ទៅជួបផ្ទាល់ជាមួយអ្នកគាំទ្របទចម្រៀងរបស់លោក នៅតាមបណ្តាលខេត្តក្រុងមួយចំនួនក្នុងពេលឆាប់ៗខាងមុខ នេះតាមរយៈតន្ត្រីទេសចរស្រាបៀរកម្ពុជា Cambodia Brew the Beat 2019៕