(បាត់ដំបង)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីផែនការរៀបចំ ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពីឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជារងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥។
លោក ប៉ាក់ សុខុម បានមានមតិបើកកិច្ចប្រជុំពិភាក្សាស្តីពីបច្ចេកទេស និងមានការបែងចែកក្រុមការងារដើម្បីត្រៀមរៀបចំទៅតាមជំនាញរៀងៗខ្លួន នៅក្នុងពិធីបុណ្យទន្លេក្នុងអំឡុងខែមីនាឆ្នាំ២០២០ ខាងមុខនេះ។
លោក ងួន រតនៈ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តមានសេចក្តីរីករាយបំផុតដែលខេត្តបាត់ដំបង ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងទេសចរណ៍ បានសម្រេចជ្រើសយកខេត្តបាត់ដំបង ធ្វើជាម្ចាស់ទីតាំងម្ចាស់ផ្ទះ ហើយពិធីបុណ្យទន្លេនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ប៉ាក់ សុខុម បានជម្រាបដល់ពិធីថា នៅក្នុងពិធីបុណ្យទន្លេនេះ ត្រៀមរៀបចំព្រឹត្តការធំ៣ប្រភេទគឺ៖ ១, ដាំកូនឈើ ២,ពិធីតាំងពិព័រណ៌តាំងផលិតផលខ្មែ និងបរទេសមាន២ជម្រើស ៣, កម្មវិធីកីឡាផ្សេងៗ។ល។
ក្រោយកិច្ចប្រជុំពិភាក្សានេះហើយ ក្រុមការងារក៏បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំពិធីបុណ្យឲ្យបានល្អប្រសើរជាមុនផងដែរ៕