(បាត់ដំបង)៖ ក្រុមហ៊ុនចិនកែច្នៃសំរាម CITICPE ដឹកនាំដោយលោក Zhou Yuhui ប្រធានក្រុមហ៊ុន និងប្រតិភូតាមរយៈលោក ម៉ម ដារ៉េត ជាអ្នកសម្របសម្រួល បានចូលជួបអភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារចង់ចូលធ្វើវិនិយោគនៅខេត្តបាត់ដំបង។
កិច្ចប្រជុំពិភាក្សាការងារនេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធក្រុងបាត់ដំបង មន្រ្តីសាលាខេត្តចូលរួមផងដែរ។
លោក ងួន រតនៈ បានស្វាគមន៍ប្រតិភូក្រុមហ៊ុនក្រុមហ៊ុនចិនកែច្នៃសំរាម CITICPE ដឹកនាំដោយលោក Zhou Yuhui ប្រធានក្រុមហ៊ុន ដែលមានបំណងចង់ចូលមកវិនិយោគក្នុងខេត្តទាំងមូល។
លោក Zhou Yuhui ប្រធានក្រុមហ៊ុន CITICPE បានប្រាប់ថា ក្រុមហ៊ុនរបស់លោក មានសមត្ថភាពប្រមូលសំរាមទំហំក្រោម ៦០០តោន ក្នុង១ថ្ងៃ ហើយក្រុមហ៊ុន បានសុំទិន្នន័យចំនួនប្រពលរដ្ឋ រស់នៅក្នុងខេត្ត និងរបាយការណ៍ផ្សេងៗ ទាក់ទងទៅនឹងសំរាមដើម្បីយកទៅសិក្សាឲ្យបានស៊ីជម្រៅងាយស្រួល ដល់គម្រោងក្រុមហ៊ុនធ្វើការសម្រេច។
លោក Zhou Yuhui បានបន្តថា បើក្រុមហ៊ុនបានទិន្នន័យគ្រប់គ្រាន់ហើយ ក្រុមហ៊ុនរបស់លោកនឹងប្រញាប់ប្រញាល់ចុះកិច្វសន្យាអនុវត្តការវិនិយោគនេះតែម្តង។
លោក ងួន រតន: បានសួរទៅភាគីក្រុមហ៊ុនថា បច្ចុប្បន្នក្រុងបាត់ដំបង កំពុងមានក្រុមប្រមូលសំរាម ១ហើយ គ្រាន់តែប្រមូលយកទៅចោលទីកន្លែងមួយប៉ុណ្ណោះ ឯភាគីខេត្តមានបំណងចង់បាន ក្រុមហ៊ុនណាដែលមានសមត្ថភាពទាំងការប្រមូលដឹកយកទៅកែច្នៃទាំងអស់ ទើបងាយស្រួលដល់ខេត្ត និងប្រជាពលរដ្ឋគ្មានការប៉ះ ពាល់បរិស្ថានកាន់តែប្រសើរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តទទួលស្វាគមន៍ចំពោះក្រុមហ៊ុនដែលក្រុមហ៊ុននេះបានធ្វើការកែច្នៃសំរាម ដើម្បីបំលែងទៅជាថាមពលអគ្គិសនីថែមទៀត ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការនេះ ដោយអនុវត្តទៅតាមបច្ចេកទេស និងតាមច្បាប់ផងដែរ។
លោកក៏បានជំរុញឲ្យភាគីក្រុមហ៊ុនប្រញាប់ចុះកិច្ចសន្យាជាមួយរដ្ឋបាលស្រុកចំនួន ១៣ជាមុនសិន ហើយរដ្ឋបាលក្រុងបាត់ដំបងចាំនៅពេលក្រោយ៕