(ឧត្តរមានជ័យ)៖ លោក លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ជំងឺអេដស៍ជាជំងឺរ៉ាំរ៉ៃ ទាមទារការចំណាយខ្ពស់ណាស់ ទោះជាថ្នាំព្យាបាលមិនមានមែន តែយើងបានពន្យារ ដោយត្រូវចំណាយថវិកាក្នុងការប្រើប្រាស់ថ្នាំព្យាបាលអស់មួយជីវិត ដូចនេះហើយបងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការរើសអើងចំពោះអ្នកផ្ទុកជំងឺអេដស៍ និងសូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់នូវការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាយើងឲ្យបាន។
លោក លឹម សុខតូ បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីរៀបចំប្រារព្ធពិធីអបអរសារទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ យុវជនកាយរិទ្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
លោក លឹម សុខតូ បានបន្ថែមថា ស្ថានភាពនៃបញ្ហារាលដាលនៃជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា បើសិនជាធ្វេសប្រហែសជំងឺនេះអាចនឹងផ្ទុះឡើងវិញ។ អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់មានភ័ព្ធវាសនា ដែលទទួលបានមូលនិធិជាសកលព្រោះរាល់ការចំណាយក្នុងការព្យាបាលក៏ដូចជាបង្កាទប់ស្កាត់ គឺមន្ទីរសុខាភិបាលផ្តល់ឲ្យឥតគិតថ្លៃ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំបង្កើននូវថវិកាដើម្បីចូលរួមចំណែកលុបបំបាត់នូវ ជំងឺអេដស៍។ នៅខេត្តឧត្តរមានជ័យប្រជាជនចាប់ពីអាយុ១៥ឆ្នាំទៅ៤៩ឆ្នាំ បានធ្លាក់ចុះពី១.៦%នៅឆ្នាំ១៩៩៨ធ្លាក់ចុះមកនៅ១% នៅឆ្នាំ២០០៦ និងធ្លាក់ចុះជាបន្តរបន្ទាប់នៅ
០.៨%នៅឆ្នាំ២០១០ និង០.៥%ក្នុងឆ្នាំ២០១៩។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានលើកឡើងដែរថា គោលបំណងនៃពិធីអបអរសារទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណងសំខាន់បំផុត ចង់បង្ហាញ ដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ជំងឺអេដស៍ដែលពិភពលោកអាចទប់ស្កាត់បាន ជាពិសេសប្រទេសកម្ពុជាយើង ដែលអាចកាត់បន្ថយនៃការឆ្លងមេរោគ អេដស៍រហូតដល់រង្វង់១%នេះ កើតចេញឡើងដោយសារមានការគាំទ្រពីគ្រប់លំដាប់ថ្នាក់ពីគ្រប់ដៃគូរអភិវឌ្ឍន៍ ពីគ្រប់ស្ថាបន័ទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំង មេរោគអេដស៍នេះ ទើបធ្វើឲ្យលទ្ធផលបានសម្រេចរហូតមកដល់ថ្ងៃនេះ។
លោក ឃ្លោក ហួតបានឲ្យដឹងទៀតថា ទិវានេះសំដែងឲ្យឃើញពីការអបអរសារទរផង ក្នុងន័យសំដែងនូវការគាំទ្រដៃគូរទាំងអស់ ដែលបានចូលរួមនៅក្នុងការទប់ស្កាត់ ការរាលដាលនៃមេរោគអេដស៍នេះ។ លោកបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ មិននៅឯកោរទេ មិនមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ទេ អ្នកផ្ទុកមេរោគអេដស៍ អាចធ្វើការងារដូចប្រជាពលរដ្ឋ ដែលមិនមានផ្ទុកមេរោគអេដស៍ដូចគ្នា៕