(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៖៤៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់បុរីភ្នំពេញថ្មី កាយដីធ្វើផ្លូវប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ CAMKO CITY សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៧៖៤៨នាទីយប់។
អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕