Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារ នៅតាមរដ្ឋបាលក្រុង-ស្រុក

24-12-2019 17:19

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុង/ស្រុក នៅក្នុងរចនាសម្ព័នថ្មី នៃរដ្ឋបាលក្រុង/ស្រុក ដោយមានការចូលរួម ពីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង១៤ក្នុងខេត្ត និងមន្រ្តីការិយាល័យជំនាញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក ងួន រតនៈ អភិបាលខេត្ត បានថ្លែងថា ការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្រុកនាពេលនេះ ដើម្បីធ្វើយ៉ាងណា ធានានូវគោលការណ៍ ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានានូវអត្ថប្រយោជន៍នានា របស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ធានានូវនិរន្តភាពការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការផ្តល់សេវានានា ទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្ម ឲ្យមន្ត្រីជំនាញនៃវិស័យនីមួយៗ ត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងការិយាល័យ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការសំខាន់ៗ ដើម្បីឲ្យដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារតាមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក និងបុគ្គលិកដែលត្រូវបានផ្ទេរពីការិយាល័យ អង្គភាពជំនាញនានាត្រូវរៀបចំបញ្ចូល ទៅក្នុងការិយាល័យ ឬអង្គភាពដែលពាក់ព័ន្ធ នឹងតួនាទី ភារកិច្ចដែលសាមីខ្លួនកំពុងទទួលខុសត្រូវ ឬ ស្របទៅតាមជំនាញបច្ចេកទេស និងបទពិសោធន៍ការងាររបស់សាមីបុគ្គលិកម្នាក់ៗ។

ជាមួយគ្នានោះ លោក ងួន រតនៈ ក៏បានសំណូមពរ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសម្របសម្រួល សហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តការងារតាមភារកិច្ច ដែលបានកំណត់ពាក់ព័ន្ធ នឹងដំណើរការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីដាក់ជូន គ.ជ.អ.ប ពិនិត្យ សម្រេចឲ្យបាននាដើមឆ្នាំ២០២០ខាងមុខនេះ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានល្អទ្វេដង ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ កសាងផែនការណ៍អភិវឌ្ឍន៍ខេត្តបាត់ដំបង មានការអភិវឌ្ឍន៍រីកចម្រើន៕