(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារ អូរចំណា ខេត្តព្រះសីហនុ តែរកមិនឃើញ ផលិតផលណាមួយ ខូចគុណភាព និងមានសារធាតុគីមីហាមឃាត់នោះឡើយ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញ នៅផ្សារលើនេះ មន្ត្រីជំនាញកាំកុងត្រូល បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន ៖ បង្គាស្រស់ មឹកស្រស់ បបែលក្រៀម ត្រីងៀត មី បន្លែកកូរ ស្លឹកគ្រៃ និងសណ្តែកបណ្តុះដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា នៅក្នុងឱកាសចុះពិនិត្យរកទំនិញ ខូចគុណភាពខាងលើ ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាម ឃាត់នៅលើម្ហូបអាហារ ក៏ដូចជាទំនិញហួសកាលបរិច្ឆេទនៅក្នុងផ្សារលើនេះទេ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕