(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត និងមានការអញ្ជើញចូលរួម ពីគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រធានក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងសិស្សានុសិស្សជាច្រើនរូប នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក អ៊ុង សារឿន ប្រធានអនុសាខាក្រហម ស្រុកបារាយណ៍ បានធ្វើរបាយការណ៍ថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាឱកាសដ៏ពិសេសមួយ ដើម្បីសំដែងនូវការដឹងគុណ និងការខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារបស់អ្នកស្ម័គ្រចិត្ត។ ដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយ នៃការសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ជួបវិបត្តិហានិភ័យផ្សេងៗ នៅក្នុងសហគមន៍ និងទីកន្លែងនានាតាមលទ្ធភាពដែល អ្នកស្ម័គ្រចិត្តយើងអាចធ្វើទៅបាន។
លោក សុខ លូ បានថ្លែងថា អនុសាខាត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម តាមលទ្ធភាពជាក់ស្ដែង បណ្ដុះបណ្ដាលមុខជំនាញ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការ ទៅនឹងគ្រោះមហន្តរាយ៖
ទី១៖ ផ្ដល់ចំណេះដឹងស្ដីពី វិជ្ជាសង្គ្រោះបឋម ការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំអនាម័យសុខភាព ការឆ្លងជំងឺជួយផ្សព្វផ្សាយអប់រំសុខភាព។
ទី២៖ គ្រប់គ្រងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមដែលមានស្រាប់ តាមរយៈការផ្ដល់បណ្ណសម្គាល់ខ្លួន។
ទី៣៖ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ពិសេសការលើកទឹកចិត្តយុវជន ឲ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនក្នុងសកម្មភាពជួយសហគមន៍។
ទី៤៖ ត្រូវបន្តពង្រឹងសមគ្គីភាព មិត្តភាពនិងការចេះជួយគ្នាទៅវិញទៅមក រវាងបណ្ដាញយុវជននៅគ្រប់ជំនាន់។
ទី៥៖ ចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍និងនៅតាមគ្រឹះស្ថានសិក្សានានា។
លោក ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវចេះជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងជនជួបវិបត្តិហានិភ័យផ្សេងៗ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងមនុស្ស។ អ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕