(ពោធិ៍សាត់)៖ លោក ផាយ ឡេង អភិបាលស្រុកបាកាន រួមជាមួយព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងអាជ្ញាធរភូមិឃុំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណវត្តបាកាន បាននាំយកអំណោយចែកជូនជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ៧៥គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ព្រះតេជគុណ ឡាយ កន មានសង្ឃដិកាថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ព្រះសង្ឃមានជីវិត និងវត្តអារាមមានការរីកចម្រើនទៅបាន ដោយសារសប្បុរសជន និងពុទ្ធបរិស័ទជួយឧបត្ថម្ភគាំទ្រ ដូច្នេះពេលប្រជាពលរដ្ឋជួបការលំបាក ខាងពុទ្ធចក្រក៏ត្រូវជួយដល់ប្រជាពលរដ្ឋវិញដែរ។ ព្រះតេជគុណ បានគូសបញ្ជាក់ថា សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ បានមកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ យកមកប្រគេនដល់ព្រះអង្គ សម្រាប់ផ្គត់ផ្គង់ ដល់ព្រះសង្ឃ និងចាត់ចែងក្នុងវត្ត។
ដោយសារលើសពីតម្រូវការ ព្រះអង្គបានបែងចែកសម្ភារៈប្រើប្រាស់មួយចំនួន និងមួយចំនួនទៀត បានមកពីការចូលរួមរបស់លោកជំទាវ ហ្គិច ណៃ និងឧបាសិកា តាំង សុខហ៊ុន យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ១ដប ស្ករសរ១គីឡូក្រាម អំបិល១គីឡូក្រាម ទឹកដោះគោ១កំប៉ុង និងថវិកា១ម៉ឺនរៀល។ ព្រះតេជគុណ ក៏បានអំពាវនាវដល់ព្រះសង្ឃតាមបណ្តាវត្ត ក្នុងខេត្តពោធិ៍សាត់ សូមបន្តបំផុតចូលរួមចលនាមនុស្សធម៌ តាមរយៈការចែកស្បៀង ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់គ្រួសារក្រីក្រ ជនរងគ្រោះ ឬជនងាយរងគ្រោះ ស្របតាមការណែនាំ និងលើកអនុសាសន៍ ពីលោកអភិបាលខេត្ត។
ក្នុងឱកាសនោះ លោក ផាយ ឡេង បានធ្វើការលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើននៅក្នុងខេត្ត ជាពិសេសក្នុងស្រុកបាកានទាំងមូល ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងពីរ តែងយកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការអត់អាហារ ឬដាច់ស្បៀងនោះឡើយ។
លោកអភិបាលស្រុក ក៏បានណែនាំដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀតរបស់ប្រទេសជាតិ៕