(សៀមរាប)៖ លោក ស៊ូជី ម៉ាតស៊ូកា (Shuji Matsuoka) ជនជាតិជប៉ុនម្នាក់ បានបង្កើតបានឯកសារណែនាំរបៀបលេងល្បែងសិក្សា ដើម្បីបង្កបរិយាកាសដែលសិស្សានុសិស្ស អាចសិក្សា រៀនសូត្រប្រកបដោយភាពរីករាយ តាមរយៈឧបករណ៍ឯកសារ ដែលជានវានុវត្តន៍ សម្រាប់ការអប់រំ នៅពេលដែលគ្មានឯកសារ និងអគ្គិសនីគ្រប់គ្រាន់។
លោក ម៉ាតស៊ូកា បានឲ្យដឹងថា ក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសដែលសិស្ស អាចសិក្សារៀនសូត្រប្រកបដោយភាពរីករាយ និងដើម្បីលើកទឹកចិត្តដល់សិស្ស ក្នុងការគិតប្រកបដោយ គោលការណ៍ ទើបលោកបានបង្កើតឯកសារថ្មីនេះឡើង ដើម្បីផ្ដល់ឱកាសដល់សិស្សរៀនសូត្រ ទទួលបាននូវចំណេះដឹងជាមូលដ្ឋាន តាមរយៈការប្រើប្រាស់ឯកសារអប់រំថ្មី និងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅកាន់លោកគ្រូ អ្នកគ្រូ សិស្ស នៅថ្នាក់បឋមសិក្សានៅកម្ពុជា។
លោកបន្តឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៩មក លោកបានបង្កើតបោះពុម្ភ និងប្រើប្រាស់ឯកសារបង្រៀននេះ ដោយមិនចាំបាច់ប្រើខ្មៅដៃ ប៊ិច សៀវភៅ និងភ្លើងអគ្គិសនីសម្រាប់សិស្ស ដែលមានបំណងចង់សិក្សា និងសម្រាប់អនាគតល្អរបស់ពួកគេ។ តែក្នុងដំណាក់កាល នៃការរៀបចំបង្កើតនោះ លោកបានប្រឈមនូវបញ្ហាជាច្រើនផងដែរ។ ទោះជាយ៉ាងណា លោកបានខិតខំ ពុះពារបង្កើតនូវឧបករណ៍នេះជាមួយនិងសិស្ស/និស្សិតជំនិតៗរបស់លោក រហូតបង្កើតបានលទ្ធផល ជាឧបករណ៍/ឯកសារបង្រៀនថ្មីនេះ សម្រាប់ការរៀន/បង្រៀនមុខវិជ្ជាភូមិវិទ្យា និងគណិតវិទ្យា។
លោកបានរំលឹកថា កាលពីខែតុលា ឆ្នាំ២០១០ លោក អ៊ឹម សិទ្ធី អតីតរដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស់ស្ដីពី ការអនុញ្ញាតឲ្យលោកបោះពុម្ភផ្សព្វផ្សាយ ឯកសារណែនាំរបៀបលេងល្បែងសិក្សា ដើម្បីប្រើប្រាស់ជាជំនួយក្នុងការបង្រៀន និងរៀនមុខវិជ្ជាភូមិវិទ្យា និងគណិតវិទ្យា តាមសាលាបឋមសិក្សានៅកម្ពុជា។
បន្ទាប់ពីទទួលបានការអនុញ្ញាត លោកបានព្យាយាមស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីប្រភពមួយចំនួន ក្នុងការបោះពុម្ភ និងផ្សព្វផ្សាយឯកសារនេះជាបន្តបន្ទាប់មក។
លោក ម៉ាតស៊ូកា បានកើតក្នុងឆ្នាំ១៩៧៩ នៅក្នុងជនបទដាច់ស្រយ៉ាលមួយ នាហាយ៉ូហ្កូ នៃប្រទេសជប៉ុន។ នៅក្នុងឱកាសដែលលោកបានបានស្នាក់នៅ និងធ្វើការនៅកម្ពុជា គឺជាពេលវេលាបានជំរុញទឹកចិត្តឲ្យលោកបង្កើតនូវឯកសាររៀនបែបថ្មីនេះ នៅពេលគ្មានឧបករណ៍ ឬមធ្យោបាយបែបទំនើបនាសម័យឌីជីថល (Digital) សម្រាប់សិស្ស ពិសេសសម្រាប់ការសិក្សានៅតាមតំបន់ជនបទ។
ម្យ៉ាងវិញទៀត លោកមានជំនឿថា ទោះជាយ៉ាងណាក្ដីមានសិស្សជាច្រើន បានខិតខំប្រឹងប្រែងក្នុងសិក្សារៀនសូត្រ ហើយពួកគាត់ជាច្រើនបានបញ្ចប់ការសិក្សា ដោយចាប់ផ្ដើមធ្វើការងារ នៅក្រោមការគ្រប់គ្រងដោយជនបរទេស ជាមួយនិងប្រាប់ពលកម្មក្នុងតម្លៃទាប ទាំងនេះ ក៏អាស្រ័យលើគុណភាពនៃការអប់រំរបស់គេផងដែរ។
លោករំលឹកថា នៅពេលដែលលោក បានឱកាសបង្ហាញពីបទពិសោធន៍របស់លោក កាលពីខែកុម្ភៈ ឆ្នាំនេះ នៅក្នុងកម្មវិធីដ៏ល្បីលំដាប់ពិភពលោក (TED) គឺលោកបានបង្ហាញលើប្រធានបទ «នវានុវត្តន៍ ការអប់រំ ដែលគ្មានឯកសារ និងអគ្គីសនី / Education Innovation Without Stationery and Electricity» តាមរយៈការប្រើប្រាស់ រៀនសូត្រ ជាមួយឯកសារណែនាំថ្មីនេះ។
លោកបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ត្រូវបានទូរទស្សន៍ វិទ្យុ និងប្រព័ន្ធ Online ដ៏ល្បីលំដាប់ពិភពលោក (NHK WORLD-JAPAN) របស់ប្រទេសជប៉ុន បានមកថតផ្ដិតយកព័ត៌មានពាក់ព័ន្ធ និងសកម្មភាពរបស់លោក ក្នុងការប្រើប្រាស់ឯកសារនេះផងដែរ។
បន្ថែមពីលើនេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សារព័ត៌មាន (Myanmar Kyae Mone Newspaper) របស់ប្រទេសមីយ៉ាន់ម៉ា ក៏បានចុះផ្សាយពីសកម្មភាពរបស់លោក នៅពេលដែលលោកបានទៅធ្វើការសិក្សាស្រាវជ្រាវ និងបានបង្ហាញនូវឧបករណ៍ថ្មីមួយនេះ នៅក្នុងពិធីបើកសម្ភោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានពីលោកស្រីប្រធានរដ្ឋមន្ត្រី រដ្ឋកាយីន ប្រទេសមីយ៉ាន់ម៉ា និងវត្តមានរបស់លោក តាម៉ាសាតុ (TAMASATO) ប្រធានក្រុមហ៊ុន J THINK MYANMAR Co., LTD ដែលជាម្ចាស់ឧបត្ថម្ភ គាំទ្រចំពោះគម្រោងរបស់លោកផងដែរ។
កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបានដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្តជប៉ុនចំនួន ១៥នាក់ ដោយមានការសហការពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តបាត់ដំបង ចុះទៅសិក្សាស្រាវជ្រាវលើកទី១ សម្រាប់ប្រសិទ្ធិភាព និងគុណភាព នៃការប្រើប្រាស់ឯកសារនេះ នាសាលាបឋមសិក្សាភ្នំក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជាលទ្ធផលលោក និងក្រុមអ្នកស្ម័គ្រចិត្តជប៉ុន បានរកឃើញថា ឯកសារនេះ មានគុណប្រយោជន៍ល្អប្រសើរ ក្នុងការផ្សព្វផ្សាយ/បង្ហាញដល់លោកគ្រូ អ្នកគ្រូ និងសិស្ស។
ដើម្បីសម្រេចគោលបំណង និងដើម្បីនិរន្តរភាព សម្រាប់ការផ្សព្វផ្សាយ ប្រើប្រាស់ឯកសារនេះ លោកបានស្នើរសុំ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាសហការ និងឧបត្ថម្ភ គាំទ្រ ទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ សម្រាប់ការបោះពុម្ភ ផ្សព្វផ្សាយឯកសារនេះឲ្យបានទូលំទូលាយ ដល់បណ្ដាសាលាបឋមសិក្សានៅកម្ពុជា។