(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានក្រើនរំលឹកឲ្យក្រុមកីឡាករ -កីឡាការនីទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈប្រកួតដណ្តើមយកមេដាយជូនជាតិរបស់យើង នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹកយ៉ាងដូចនេះ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ប្រកាសបិទកម្មវិធី ប្រកួតកីឡារហែលទឹក ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។ ដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងកីឡាករ កីឡាការិនី ជាច្រើនរួមទៀតផងបង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឲ្យមានការកសាងអាងហែលទឹកឲ្យបានច្រើនគ្រប់ខេត្ត-ក្រុង ដើម្បីផ្តល់ជូនកីឡាករ-កីឡាការនី ធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតដណ្តើមមេដាយ ឲ្យបានច្រើនជូនជាតិរបស់យើងផងដែរ។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានកីឡាករ កីឡាការនី មកពីក្លឹបទាំង៨ ចូលរួមធ្វើការប្រកួតមានដូចជា ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន, ក្លឹបហែលទឹកក្រសួងមហាផ្ទៃ, ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្លឹបហែលទឹកនាគរាជកំពង់ចាម, ក្លឹបហែលទឹកក្រសួងព័ត៌មាន, ក្លឹបហែលទឹកខេត្តត្បូងឃ្មុំ, ក្លឹបហែលទឹកប្លូដូហ្វីនស្វីមមីង, និងក្លឹបប៉ារ៉ាអូឡាំពិកកម្ពុជា។
ការប្រកួតប្រជែងលើវិញ្ញាសាចំនួន៤៧ រួមមាន៖ វិញ្ញាសាហែលរបៀបសេរីផ្នែកបុរស-នារី ចម្ងាយ៥០ម៉ែត្រ, ១០០ម៉ែត្រ, និង២០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែប ផ្នែកបុរស-នារី ចម្ងាយ ៥០ម៉ែត្រ, ១០០ម៉ែត្រ, និង២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារបុរស-នារី ចម្ងាយ ៥០ម៉ែត្រ និង១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្ដាក់របៀបសេរី បុរស-នារី ៤×១០០ម៉ែត្រ និងកីឡាបាល់ទឹកជាដើម។ ចំណែកឯផ្នែកជនពិការមានវិញ្ញាសារបៀបសេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ ១០០ម៉ែត្រផងដែរ៕