(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងជាប្រធានមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរតនគិរី តាមរយៈភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានច្រានចោលទាំងស្រុងចំពោះព័ត៌មានថា ការប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិមានភាពមិនប្រក្រតី។
លោកឧត្តមសេនីយ៍ទោស្នងការ ថា ចំពោះកិច្ចការប្រឡងនេះ ស្នងការដ្ឋាននគរបាលខេត្ត មានភារកិច្ចផ្សព្វផ្សាយជូនដំណឹង ផ្តល់ពាក្យប្រឡង ទទួលពាក្យទៅតាមសេចក្តីណែនាំរបស់គណៈកម្មការ កណ្តាលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលសំរាប់ឆ្នាំ២០១៩»។
លោកបានបន្តថា «ចំពោះមណ្ឌលប្រឡងត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល សហការជាមួយក្រុមការងាររបស់ស្នងការដ្ឋាន រៀបចំកិច្ចការប្រឡងទៅតាមសេចក្តីណែនាំរបស់គណៈកម្មការកណ្តាលក្រសួងមហាផ្ទៃ»។
លោកឧត្តមសេនីយ៍ស្នងការ សូមច្រានចោលទាំងស្រុងពីគេហទំព័រ និងបណ្តាញសង្គមមួយចំនួនដែលចោទថា ការប្រឡងមានភាពមិនប្រក្រតីដូចជា អនុរក្សដើរប្រាប់បេក្ខជន បេក្ខនារី, ការសូកប៉ាន់លុយជាដើម។
លោកបន្តថា វិញ្ញាសារត្រូវបានបើកជូនបេក្ខជនដោយក្រុមការងារប្រឡងជ្រើសរើស ហើយនៅពេលបញ្ចប់ការប្រឡងសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានវេចខ្ចប់ដោយធ្វើការពិនិត្យត្រឹមត្រូវ ប្រគល់ជូនក្រុមការងារគណៈកម្មការកណ្តាលយកទៅកែនៅភ្នំពេញ ដូច្នេះលទ្ធផលប្រឡង គឺពឹងទៅលើសមត្ថភាពពោលចេះគឺជាប់»។
សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌនគរបាលជាតិ ប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានបេក្ខជនចំនួន៣១១នាក់, ស្រី៨១នាក់ អវត្តមាន១១នាក, ចែកជា១៣បន្ទប់ និងមានរយៈពេល ២ម៉ោង គឺចាប់ពីម៉ោង ៨ដល់ម៉ោង ១០៕