(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ ដែលជាអតីតកន្លែងតស៊ូឈានដល់ការរំដោះប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កាលពីអតីតកាលកម្ពុជា-វៀតណាម បានផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក ប៉ុន្ដែរហូតមកដល់ពេលនេះ ព្រំដែនកម្ពុជា-វៀតណាម បានក្លាយកន្លែងដោះដូរទំនិញដ៏មានសក្ដានុពលរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ជាជោគជ័យមួយផ្នែក នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពីមុននេះផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាង សំបូរគ្រាប់មីន ឥលូវនេះយើងផ្លោងទៅវិញទៅមកដោយទំនិញ ខាងណោះ (វៀតណាម) បញ្ជូនទំនិញមកលក់ឲ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញលក់ ឲ្យទៅខាងវៀតណាម។ នេះហើយជាចំណុចជោគជ័យនៃគោលដៅទាំងពីរដែលខ្ញុំបានដាក់ចេញបន្ទាប់ពីការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិរបស់កម្ពុជា ហើយនេះក៏ជាផ្នែកមួយនៃការអភិវឌ្ឍរបស់កម្ពុជា»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្រោយសង្គ្រាមត្រូវបានបញ្ចប់រាជរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាម បានខិតខំស្ដារឡើងវិញ នូវអ្វីដែលបានបំផ្លាញតាមបណ្ដោយព្រំដែន និងបានបន្សល់នូវគ្រាប់មីន គ្រាប់មិនទាន់ផ្ទះជាច្រើន ហើយបញ្ហានេះប្រទេសទាំងពីរ បានធ្វើយ៉ាងណាខិតខំបំផ្លាញចោលនូវគ្រាប់ទាំងអស់នេះ ដើម្បីធានាសុវត្ថិភាពប្រជាជនទាំងសងខាង។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ននេះ ការដោះដូរទំនិញរវាងកម្ពុជា ជាមួយប្រទេសជិតខាង ពិសេសប្រទេសជាប់ព្រំដែនគ្នា មានចំនួនកាន់តែច្រើនទៅៗ ជាក់ស្ដែងទំហំពាណិជ្ជកម្មផ្លូវការរវាងកម្ពុជា និងវៀតណាម មានជាង៤,៦០០លានដុល្លារ ប៉ុន្តែទំហំពាណិជ្ជកម្មក្រៅផ្លូវការ អាចកើនដល់៥,០០០លានដុល្លារទៅហើយ។
គួរជម្រាបថា ផលិតផលដែលវៀតណាមនាំចូលកម្ពុជា មានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ខណៈផលិតផលដែលកម្ពុជានាំចេញទៅវៀតណាមមានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត។
ដោយឡែក ក្នុងវិស័យវិនិយោគ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគ របស់ក្រុមហ៊ុនវៀតណាមចំនួន៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់៕