(ត្បូងឃ្មុំ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញពីប្រទេសកម្ពុជា ពីព្រោះបច្ចុប្បន្នជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។
ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើយ៉ាងដូច្នេះថា៖ «ឯកឧត្តម ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវពិនិត្យឃើញអំពីចំនួនដែលវៀតណាម នាំចូលមកកម្ពុជា និងទំនិញពីកម្ពុជានាំចូលទៅវៀតណាម គឺមានចំណុចខុសគ្នា ដូច្នេះ ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើននូវចំនួនដែលត្រូវទិញពីកម្ពុជា ក្នុងហ្នឹងវៀតណាម បាននឹងកំពុងទិញអង្ករពីកម្ពុជា ចំនួន៣០ម៉ឺនតោន និងមានការទិញនូវផលិតផលមួយចំនួនផ្សេងទៀត [...] ខ្ញុំស្នើឱ្យវៀតណាម មើលទិញនូវទំនេញផ្សេងទៀតពីកម្ពុជា ដែលកម្ពុជាមាន»។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ផលិតផលខ្មែរ ដែលមានរៀបចំការតាំងពិព័រណ៌ នៅទីក្រុងភ្នំពេញ ព្រមទាំងបន្ថែមការតាំងពិព័រណ៍ផលិតផលរបស់ខ្មែរយើងនៅថ្ងៃបុណ្យសមុទ្រ នៅខេត្តកំពតថ្មីៗនេះ សង្ឃឹមថា ទំនិញៅទាំងអស់នោះនឹងក្លាយទៅជាទំនិញដែលហូរចូលទៅកាន់ប្រទេសវៀតណាម ផងដែរ។
«ការនាំចូលទំនិញរបស់កម្ពុជា ទៅប្រវៀតណាម គឺជាមានទៅ មានមក ប៉ុន្តែការមានទៅ មានមកក៏ត្រូវស្របជាមួយតម្រូវការ នៅក្នុងប្រទេសរៀងៗខ្លួន ផងដែរ។ ប្រទេសកម្ពុជា នាំចូលពីវៀតណាមនូវមុខទំនិញ ដែលកម្ពុជាត្រូវការ មិនអាចនាំចូលទំនិញដែលខុស ពីតម្រូវការរបស់ខ្លួនទេ ឯវៀតណាមវិញ ទាល់តែគាត់មានសុំណូមពរ ដូចជាកន្លងទៅតាមដែលខ្ញុំសិក្សាស្រាវជ្រាវបានស្វាយរបស់កម្ពុជា បាននាំចូលទៅប្រទេសវៀតណាម ស្វាយរបស់វៀតណាម ផ្គត់ផ្គង់មិនគ្រប់ ដោយសារតែវៀតណាមយកផ្លែស្វាយកម្ពុជា ទៅផ្គត់ផ្គង់ទេសចរណ៍ ក្នុងបណ្តាលសណ្ឋាគារផ្សេងៗ ផងដែរ»។ នេះជាបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា នៅថ្ងៃអនាគតផ្លែស្វាយ ផ្លែកចេក ធុរេន និងទំនេញផ្សេងៗរបស់កម្ពុជា នឹងអាចត្រូវបាននាំយកទៅផ្គត់ផ្គង់ នៅក្នុងទីផ្សារប្រទេសវៀតណាម ដែលសព្វថ្ងៃនេះ ប្រជាជនវៀតណាម កំពុងបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាយកទៅផ្គត់ផ្គង់ជូនភ្ញៀវទេសចរណ៍រាប់លាននាក់ផងដែរ។
សម្តេចតេជោថា ពីអតីតកាលកម្ពុជា និងវៀតណាមផ្លោងគ្រាប់ដាក់គ្នា តែបច្ចុប្បន្នផ្លោងទំនិញដាក់គ្នាទៅវិញទៅមក ការនាំមកនូវទីផ្សារដោះដូរទំនិញ រវាងកម្ពុជា និងវៀតណាម គឺជាជោគជ័យមួយ នៃនយោបាយរបស់សម្តេចក្រោយការអនុវត្តន៍ ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មផ្លូវការរវាងកម្ពុជា និងវៀតណាមមានជាង ៤៦០០លានដុល្លារ ដែលបានកត់ត្រាដោយគយ ក៏ប៉ុន្តែនៅមានទំហំពាណិជ្ជកម្មក្រៅផ្លូវការអាចកើនដល់៥០០០លានដុល្លាររួចស្រេចទៅហើយ៕