(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាប្រជុំសាលាខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ប័ណ្ណសរសើរ និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលជាតិ ចំណុះការិយាល័យជំនាញ អធិការដ្ឋានគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោក លោកស្រីមន្រ្ដីនគរបាលក្រោមឱវាទពាក់ព័ន្ធ លោក នាយករដ្ឋបាល លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ និង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១១។
ក្នុងឱកាសនោះផងដែរ លោក សុខ ពេញវុធ បានផ្ដាំផ្ញើ និងណែនាំឲ្យបងប្អូនមន្រ្ដីនគរបាលយកចិត្តទុកដាក់ពង្រឹងបន្ថែមការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឲ្យបានជាប្រចាំលើការងារបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ជាពិសេសធានាបាននូវសុខ សុវត្ថិភាពសង្គមល្អប្រសើរក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋយើង៕