(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី តំណាងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ) បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលអំពី អនុសញ្ញាស្តីពីសិទ្ធិជនពិការដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញជាអធិបតីភាពលោ ស្រី ចាន់ អគ្គលេខាធិការរងតំណាងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក វង តុន តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះដំណើរការទៅរយៈពេល៣ថ្ងៃ (២៤-២៦) នាសាលប្រជុំភោជនីយដ្ឋានរតនៈលីណា ក្រុងបានលុងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តរតនគិរី ឲ្យក្លាយទៅជាគ្រូឧទ្ទេស និងអ្នកសម្របសម្រួលប្រកបដោយសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងការចែករំលែកបទពិសោធន៍ទាក់ទងនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការសំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអនុវត្តច្បាប់ ផែនការសកម្មភាពការងារពាក់ព័ន្ធនឹងវិស័យពិការភាព និងការជួយជនមានពិការភាពឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
លោក លន់ សុភាព និង ស្រី ចាន់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសឲ្យបងប្អូនមានពិការភាព កាន់តែទទួលបាននូវតម្រូវការចាំបាច់នានារបស់មនុស្ស ជាពិសេសគឺធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនពិការ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិធ្វើការងារ សិទ្ធិថែទាំសុខភាព និងជាពិសេសសិទ្ធិចេញចូលតាមទីសាធារណៈនានា។
លោកបន្តថា រាជរដ្ឋាភិបាលបានបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព តាមការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលបានផ្តល់សច្ចាប័ន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ការប្រកាសឲ្យអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០១៣-២០២២ បន្ថែមលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៃកម្ពុជា ដែលមាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយផ្លែផ្កា៕