(ភ្នំពេញ)៖ លោក ស៊ី ប៊ុនថៃ ប្រធានសាខាក្រុមហ៊ុន KW-កម្ពុជា ប្រចាំខេត្តសៀមរាប លើកឡើងថា បច្ចុប្បន្ននេះវិស័យដីធ្លី កំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងនោះក្រៅពីទីក្រុងភ្នំពេញ វិស័យដីធ្លីនៅតាមបណ្ដាខេត្ត ក៏កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ។
លោកបញ្ជាក់ថា «ជាក់ស្ដែងដូចខេត្តសៀមរាប វិស័យដីធ្លីកំពុងរីកចម្រើនយ៉ាងខ្លាំង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ រីកចម្រើនដោយសារតែខេត្តនេះមានសក្ដានុពលពីគម្រោងព្រលាន យន្ដហោះថ្មី ដោយគ្រោងនឹងធ្វើនៅដំដែក ក្នុងនោះក៏មានការរួមចំណែកពីការលំហូរចូលនៃការវិនិយោគចេញខេត្តផ្សេងៗដូចជា ខេត្តប៉ោយប៉ែត, កំពង់សោម, ភ្នំពេញជាដើម»។
លោកបន្ថែមថា នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យដែលកំពុង មានសក្ដានុពលខ្លាំងជាងគេនោះ គឺវិស័យដីឡូតិ៍, ផ្ទះល្វែងជាដើម។ ដោយឡែកសម្រាប់វិស័យខុនដូ មិនទាន់មានសន្ទុះនៅឡើយទេក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រៅពីខេត្តសៀមរាបវិស័យដីធ្លីបាននិងកំពុងរីកចម្រើនផងដែរ តាមបណ្ដាខេត្តផ្សេងៗ។ ជាក់ស្ដែងក្រៅពីខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ក៏កំពុងមានសន្ទុះខ្លាំង លើវិស័យដីធ្លីផងដែរ។ រីកចម្រើនដោយសារតែកំពង់ស្ពឺជាជាខេត្តជាប់នឹងខេត្តព្រះសីហនុ, ក្រុងភ្នំពេញ និងខេត្តកំពត ដែលជាខេត្តមានវិនិយោគិនជាច្រើន វិនិយោគលើវិស័យអចលនទ្រព្យ។
លោក Chhong Kimheng ប្រធានសាខា KW-កម្ពុជាប្រចាំខេត្តកំពង់ស្ពឺ ឲ្យដឹងថា វិស័យដីធ្លីក្នុងខេត្តកំពង់ស្ពឺ ក៏កំពុងតែមានភាពរីកចម្រើន។ រីកចម្រើនដោយសាតែខេត្តកំពង់ស្ពឺ ស្ថិតក្នុងតំបន់ភូមិសាស្រ្ដល្អ គឺស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តកំពង់ព្រះសីហនុ ដែលរាជធានីភ្នំពេញជាបណ្ដុំពាណិជ្ជកម្ម ចំណែកឯខេត្តព្រះសីហនុវិញគឺទទួលបានឥទ្ធិពលខ្លាំង ពីវិនិយោគិនចិន ទាំងនេះដែលធ្វើឲ្យ ខេត្តកំពង់ស្ពឺមានការរីកចម្រើន។
លោកបន្ថែមថា បច្ចុប្បន្ននេះបើគិតពីកំណើនប្រជាជន គិតពី សក្ដានុពលនៃការរីកលូតលាស់ក្រុងឃើញថា ខេត្តកំពង់ស្ពឺនៅតែមាន សក្ដានុពលល្អលើវិស័យដីធ្លីនេះ៕