(ភ្នំពេញ)៖ «ការចល័តទំនិញដែលផលិតបាននៅក្នុងស្រុក គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា ឧទាហរណ៍ថា នៅខេត្តកំពត ឬខេត្តកោះកុង ឬខេត្តស្វាយរៀង មានផលិតផលអ្វីខ្លះដែលលេចធ្លោរជាងគេ យើងត្រូវតែធ្វើការដោះដូរទំនិញ ឬផលិតផលទាំងនោះពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់់មួយទៀត»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា ដែលបានបង្ហាញឆន្ទៈចង់ធ្វើឱ្យចរន្តដោះដូរទំនិញក្នុងស្រុក (ទូទាំង២៥រាជធានី-ខេត្ត) ដំណើរការប្រកបដោយភាពជោគជ័យ។
ការបង្ហាញឆន្ទៈដ៏មុតមាំយ៉ាងដូច្នេះរបស់លោក ឡី សុភាព ត្រូវបានធ្វើឡើងក្នុងពិធីជួបជុំជាមួយយុវជន អាជីវករ ប្រជាកសិករមកពីតាមបណ្ដាខេត្តនានាជាច្រើនពាន់នាក់ ក្នុងព្រឹត្តិការណ៍ស្ដីពីផលិតផល និងឱកាសអាជីវកម្ម ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន សីហា ផៅវ័រ រិច ខេមបូឌា ភីអេសខេ ថៃលេន និងម៉ាតអាស៊ានផៅវ័រ នៅវិមានឌឹព្រីមមៀរ សែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
នាឱកាសនោះ លោក ឡី សុភាព បានផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ពិសេសលើវិស័យកសិកម្មដែលជាវិស័យអាទិភាពក្នុងគោលនយោបាយនេះតែម្ដង ដោយមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិតបានបន្តថា ហេតុដូច្នេះហើយបានជាសហព័ន្ធវិនិយោគិនកម្ពុជាខិតខំស្វះស្វែងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីជួយជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទទួលបាននូវឱកាសធ្វើអាជីវកម្ម ពិសេសអាជីវកម្មតាមបច្ចេកវិទ្យាទំនើប មានប្រព័ន្ធអនឡាញ ប្រព័ន្ធឌីជីថល ប្រព័ន្ធទំនាក់ទំនងសង្គមជាដើម ក្នុងនោះសហព័ន្ធវិនិយោគិនកម្ពុជា រួមជាសមាគម និងផ្នែកឯកជនជាដៃគូរបស់ខ្លួន ក៏បានបង្កើតឱកាសការងារដល់ពួកគេបានយ៉ាងច្រើនលើសលុបផងដែរ។
លោកប្រធានសហព័ន្ធបានបន្តទៀតថា ការខិតខំចូលរួមយ៉ាងដូច្នេះក៏ព្រោះចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងខិតខំអភិវឌ្ឍន៍ប្រែក្លាយមាតុភូមិដ៏កម្សត់មួយនេះ ឱ្យក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នានោះ លោកក៏បានលើកឡើងនូវឆន្ទៈពិសេសមួយដែរថា «ការចល័តទំនិញដែលផលិតបាននៅក្នុងស្រុក គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា ឧទាហរណ៍ថា នៅខេត្តកំពត ឬខេត្តកោះកុង ឬខេត្តស្វាយរៀង ពោលគឺគ្រប់រាជធានី-ខេត្ត តើមានផលិតផលអ្វីខ្លះដែលលេចធ្លោរជាងគេ យើងត្រូវតែធ្វើការដោះដូរទំនិញ ឬផលិតផលទាំងនោះពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់់មួយទៀត»។
ប្រធានសហព័ន្ធវិនិយោគិនកម្ពុជារូបនេះបានបញ្ជាក់ថា លោកនឹងជជែកជាមួយអភិបាលរាជធានី-ខេត្តទាំង២៥ ដើម្បីគាំទ្រនូវកិច្ចការងារខាងលើនេះ ធ្វើយ៉ាងណាឱ្យដំណើរការផ្លាស់ប្ដូរទំនិញក្នុងស្រុកនេះ ប្រព្រឹត្តទៅដោយជោគជ័យ ហើយអ្នកដែលទទួលផលមុនគេ គឺប្រជាកសិករ អាជីវករ ពិសេសអ្នកដែលចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
លោកថា កិច្ចការទាំងនេះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ដែលបាននិងកំពុងខិតខំបង្កើនមុខរបរ និងអាជីវកម្មផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបន្ថែមថា ប្រសិនបើផែនការនេះសម្រេចបានទៅមែន អ្នកប្រកបមុខរបរខ្នាតតូច និងមធ្យម នឹងមានការរីកចម្រើនខ្លាំងជាងមុន ហើយវាក៏នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងផងដែរ។
មិនតែប៉ុណ្ណោះ លោកបានលើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្ម ប្រជាកសិករ ក៏ដូចជាយុវជននានានៅក្នុងពិធីនោះថា «ត្រូវចេះក្ដាប់ឱកាសឱ្យជាប់ ទោះជាផែនដីធំ ក៏ធំមិនស្មើការតាំងចិត្តរបស់ប្រជាជនកម្ពុជានោះដែរ»៕