(ព្រះវិហារ)៖ សម្ភារកសិកម្មជាច្រើនប្រភេទ ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ នាំយកទៅចែកជូនដល់ប្រជាកសិករចំនួន ១១៣គ្រួសារ មកពីបណ្តាឃុំគោលដៅនានា នៃស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
លោក ពឹង ទ្រីដា បានថ្លែងថា សម្ភារកសិកម្មដែលចែកជូនប្រជាកសិករនៅពេលនេះ គឺទទួលបានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលមានភាពធននិងការប្រែប្រួល អាកាសធាតុ (ASPIRE)។
លោកប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ក្រុមកសិករចំនួន ១១៣គ្រួសារ ដែលទទួលបានសម្ភារកសិកម្មនៅពេលនេះរួមមាន៖ ក្រុមកសិករបណ្តុំ ៥១គ្រួសារ ក្រុមកសិករសាយភាយ ៦០គ្រួសារ និងកសិករឆ្នើមចំនួន ២ក្រួសារផងដែរ។ សម្ភារកសិកម្មដែលក្រុមកសិករទទួលបាន សម្រាប់គាំទ្រសកម្មភាពផលិតកម្មបន្លែ និងការចិញ្ចឹមសត្វមានដូចជា៖ ម៉ាស៊ីនធ្វើរងបន្លែ ម៉ាស៊ីនបូមទឹក ម៉ូទ័រកិនចំណីសត្វ សំណាញ់សម្រាប់សាងសង់ទ្រុងមាន់ កៅស៊ូគ្របរងបន្លែ ប្រព័ន្ធដំណក់ទឹក និងធុងស្តុកទឹកផងដែរ។
ជាមួយគ្នានោះលោក ពឹង ទ្រីដា ក៏បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងកសិម្មជាសេនាធិការ គឺមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករយើង ដូចជា គិតគូរពីទីផ្សា ជួយបង្រៀនពីបច្ចេកទេសផ្សេងៗ និងចែកសម្ភារកសិកម្មដោយឥតគិតថ្លៃជាដើម គឺក្នុងទិសដៅជួយឲ្យប្រជាកសិករមានជីវភាពរស់នៅបានធូរធា។
លោកក៏បានជំរុញឲ្យបងប្អូនប្រជាកសិករយើង ត្រូវខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ធ្វើការដាំដុះបន្លែនិងចិញ្ចឹមសត្វ ទៅតាមបច្ចេកទេសដែលបានណែនាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ កាន់តែប្រសើរឡើងថែមទៀត៕