(កំពត)៖ ខេត្តកំពតជាខេត្តមួយស្ថិតនៅជាប់សមុទ្រ និងសម្បូរទៅដោយដីមានជីជាតិ។ លោកអ្នកអាចរកទិញអាហារសមុទ្រស្រស់ៗ និងផ្លែឈើឆ្ងាញ់ៗជាច្រើនប្រភេទនៅក្នុងខេត្តនេះ ដូចជានៅផ្សារកំពត ឬនៅកន្លែងនេសាទផ្ទាល់តែម្តង។

លោកអ្នកក៏អាចអញ្ជើញចូលទទួលអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានាផងដែរ ដោយភោជនីយដ្ឋាន-អាហារដ្ឋាននៅក្នុងខេត្តកំពតមានចំនួនសរុប ១៩៣កន្លែង ដែលសុទ្ធសឹងតែរៀបចំត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងមានម្ហូបអាហារជាច្រើនជម្រើស និងមានរសជាតិឆ្ងាញ់។

ភោជនីយដ្ឋាន-អាហារដ្ឋាននានានៅខេត្តកំពត មិនត្រឹមតែមានម្ហូបអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ តែក៏បានគិតគូរលើបញ្ហាអនាម័យ និងមានសុវត្ថិភាពផងដែរ។

មានទីតាំងស្ថិតនៅត្រើយខាងលិចព្រែកកំពង់បាយ ខេត្តកំពត ភោជនីយដ្ឋានហេងរស្មីមានបម្រើសេវាកម្មម្ហូបអាហារទាំង៣ពេល ជាមួយនឹងម្ហូបអាហារជាច្រើនមុខ និងមានរសជាតិឈ្ងុយឆ្ងាញ់។

ជាមួយនឹងបរិយាកាសយ៉ាងស្រស់បំព្រង ពិសេសនៅពេលរាត្រី ភោជនីយដ្ឋានហេងរស្មីទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរយ៉ាងខ្លាំង។

ចំណែឯភោជនីយដ្ឋានម្អម ដែលមានទីតាំងជិតរង្វង់មូលខាងលិចស្ពានកំពតថ្មីឯណោះវិញ ក៏មានសេវាកម្មម្ហូបអាហារបម្រើជូនភ្ញៀវគួរជាទីពេញចិត្តផងដែរ ខណៈភោជនីយដ្ឋានគឺផ្ដោតជាពិសេសទៅលើម្ហូបអាហារខ្មែរ ព្រមទាំងមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ សុវត្ថិភាពចំណីអាហារ និងបដិសណ្ឋារកិច្ចផងដែរ

ជាមួយនឹងការអបអរសាទរពីធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ ភោជនីយដ្ឋានផ្សារត្រី ក៏បានបង្ហាញពីការត្រៀមខ្លួនស្វាគមន៍វត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាកំលុងពេលព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖