(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ផែនការសកម្មភាពពហុវិស័យស្តីពី ភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ផែនការសកម្មភាពដែលដាក់ចេញនូវយុទ្ធសាស្រ្តជាអាទិភាពចំនួន ៧ចំណុចនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយ ដើម្បីដោះស្រាយការ គំរាមកំហែងដោយបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា។ ផែនការសកម្មភាពនេះ នឹងផ្តល់ជាអភិក្រមមួយល្អប្រសើរជាងពេលកន្លងមក ដោយវានឹងលើកកំពស់ ការចូលរួមពីតួអង្គនានា មកពីវិស័យវេជ្ជសាស្ត្រ និងបសុឱសថ វិស័យកសិកម្ម ចំណីអាហារ ហិរញ្ញវត្ថុ បរិស្ថាន និងអ្នកប្រើប្រាស់ទូទៅ។
សាររបស់រដ្ឋមន្ត្រីសុខាភិបាល ដែលមានភ្ជាប់មកជាមួយនឹងផែនការសកម្មភាព បានបញ្ជាក់ថា «ក្នុងនាមក្រសួងពាក់ព័ន្ធតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា យើងប្តេជ្ញាអនុវត្តអភិក្រមចម្រុះគ្រប់ ជ្រុងជ្រោយ និងមានការសហការគ្នាយ៉ាងស៊ីសង្វាក់ ដើម្បីឈានទៅបង្ការ និងទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដែលបណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប នៅក្នុងវិស័យវេជ្ជសាស្ត្រ ចំណីអាហារ និងកសិកម្ម»។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖