(ព្រះសីហនុ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត, តំណាងអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ សាខាគយ និងរដ្ឋាករ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ «អ.ម.ត» និងម្ចាស់សហគ្រាសធុនតូច និងមធ្យមស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុប្រមាណ ៧០០នាក់។
លោកអភិបាលខេត្ត គួច ចំរើន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត គុណ ញឹម ដែលបានរៀបចំសិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏សំខាន់ ព្រមទាំង មានសក្តានុពល និង អំណោយផលល្អទាំងទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស កំពង់ផែអន្តរជាតិដ៏ធំនិង មមាញឹក និង ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តព្រះសីហនុ មានចំនួន ៣,១១០មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់។ ដើម្បីទទួលបាន គុណប្រយោជន៍ពីសិក្ខាសាលា លោកអភិបាលខេត្ត បានស្នើឱ្យតំណាងសហគ្រាសធុនតូចនិងមធ្យម និងអង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងចូលរួមឱ្យបានផុលផុស ព្រមទាំងលើកឡើងនូវសំណួរ ឬសំណូមពរមកដល់អគ្គនាយកដ្ឋានទាំងពីរ រួមទាំងភាគីពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងចូលរួមអនុវត្តការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម និងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញ កំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន៖
*ទី១ ៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥
*ទី២ ៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤
*ទី៣ ៖ យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។
កន្លងមក រាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម រួមមាន៖ ការបញ្ចុះអត្រាពន្ធគយ, អត្រាអាករពិសេស, ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និងការដាក់អាករនាំចេញជាបន្ទុករដ្ឋ លើមុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើ ក្នុងវិស័យទាំងនេះ។
ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីលើកស្ទួយបន្ថែមទៀត ដល់សហគ្រាសធុនតូច និងមធ្យមថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារតាមរយៈអនុក្រឹត្យ លេខ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង អនុក្រឹត្យ លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ វិស័យអាទិភាពចំនួន ៨ រួមមាន៖
*ទី១ ៖ សហ-គ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត
*ទី២ ៖ ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម
*ទី៣ ៖ ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ
*ទី៤ ៖ កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ
*ទី៥ ៖ កម្មន្តសាលផលិត ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍
*ទី៦ ៖ កម្មន្តសាលផលិត នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាល សម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀតការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមាន លក្ខណៈនវានុវត្តន៍
*ទី៧ ៖ អ្នកអភិវឌ្ឍន៍ តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។
នាឱកាសនោះលោកបណ្ឌិត គុណ ញឹម ក៏បានបញ្ជាក់បន្ថែមថា ក្រោមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការអនុវត្ត ការលើកទឹកចិត្ត ផ្នែកគយ និងផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវមានយន្តការតាមដានវឌ្ឍនភាព នៃការអនុវត្ត ព្រមទាំងត្រូវស្វែងយល់បន្ថែមអំពីសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តការលើកទឹកចិត្តនេះ។
ក្នុងសិក្ខាសាលានេះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញលើកឡើងនូវខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបញ្ជាក់ជូនអំពីលក្ខខណ្ឌ ទម្រង់នីតិវិធី និងយន្តការ នៃការផ្តល់និងការតាមដាន ត្រួតពិនិត្យការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ អនុវត្តនៅពេលមានបំណងដាក់ពាក្យស្នើសុំការលើកទឹកចិត្តនេះ។
បន្ថែមលើបទបង្ហាញនេះ សហគ្រាសធុនតូច និងមធ្យម អាចស្វែងរកព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ឬអាចទំនាក់ទំនង សាកសួរព័ត៌មានដោយផ្ទាល់មកមន្រ្តីទំនាក់ទំនង នៅតាមសាខាគយ និងរដ្ឋាករ ឬសាខាពន្ធដារ ដែលនៅជិតបំផុត៕