(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនវិនិយោគជប៉ុនចំនួន៤៣ក្រុមហ៊ុន បាន និងកំពុងដើរតួនាទី ឈានមុខគេក្នុងការផលិត និងនាំចេញ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម អញ្ជើញចូលរួមក្នុងពិធីសម្ពោធ បើកឲ្យដំណើរការជាផ្លូវការ សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Center) របស់ក្រុមហ៊ុន NIPPON EXPRESS (CAMBODIA) នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកបណ្ឌិត គុណ ញឹម បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានវិនិយោគជប៉ុនចំនួន៤៣ក្រុមហ៊ុន បាននិងកំពុងដើរតួនាទីឈានមុខគេ ក្នុងការផលិត និងនាំចេញនូវផលិតផលអាហារ, សំលៀកបំពាក់, ស្បែកជើង, បង្គំខ្សែភ្លើង, ភាតបំណែកគ្រឿងរថយន្ត និងគ្រឿងអេឡិចត្រូនិចជាដើម -ល-»។
លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា ការវិនិយោគរបស់ធុរជនជប៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែកក្នុងទំហំពាណិជ្ជកម្ម រវាងជប៉ុននិងកម្ពុជា ជាង១៥៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងជាង១៨៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កន្លងទៅនេះដោយមានកំណើនប្រមាណជា១៧%។
លោកអគ្គនាយកបានបន្ថែមទៀតថា ក្រៅពីការវិនិយោគ លើវិស័យឧស្សាហកម្ម ក្រុមហ៊ុនជប៉ុនល្បីៗ ក៏បានបោះទុនវិនិយោគលើវិស័យលក់រាយ និងសេវាកម្មផងដែរ។
លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការបើកឲ្យដំណើរការ សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា, ដោយមានការគាំទ្រពីអង្គការ JICA កំពុងរៀបចំនូវផែនការមេថ្នាក់ជាតិស្តីពី ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនជាតិ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិត គុណ ញឹម ក៏សូមសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះក្រុមហ៊ុន NIPPON EXPRESS (CAMBODIA) និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែង និងសម្រេចបានការបង្កើត សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលភស្តុភារកម្មនេះឡើង។
លោកបណ្ឌិត គុណ ញឹម សង្ឃឹមថា សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ នឹងដើរតួនាទីសំខាន់ ក្នុងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់វិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ៕