(កណ្ដាល)៖ ស្ថិតនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកល្វាឯម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណូមពរ និងក្តីកង្វល់ទាំងឡាយដែលប្រជាពលរដ្ឋ បានលើកឡើងនោះក្រុមប្រឹក្សាខេត្តនឹងយកទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឱ្យបានច្រើន ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយកម្លាភាព។
លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្ដាល ក៏បានជម្រាបជូនប្រជាពលរដ្ឋ ក្នុងវេទិកានេះថា រដ្ឋបាលខេត្តនឹងបន្តពង្រឹងយន្តការ ផ្ដល់សេវាសាធារណៈ តាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកឱ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
គួរជម្រាបថា ជាលទ្ធផលក្នុងវេទិកានេះ មានសំណូមពរ ពីប្រជាពលរដ្ឋចំនួន៣៨ សំណូមពរពាក់ព័ន្ធនឹងបញ្ហាដីធ្លី សុំផ្លូវបេតុងនៅតាមភូមិ-ឃុំ សុំតបណ្តាញទឹកស្អាត សាងសង់ស្ពាន ដែលបញ្ហាទាំងនេះត្រូវបាន រដ្ឋបាលខេត្តធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បីពន្លឿន ក្នុងការដោះស្រាយនាពេលខាងមុខនេះ។
បើតាមរបាយការណ៍ឆ្លើយតបរបស់ ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះក្រុមប្រឹក្សាខេត្ត ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន២២ សំណូមពរពាក់ព័ន្ធនឹងបញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ច និងសង្គមកិច្ចវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះ ត្រូវបានរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូន បានរួចរាល់ចំនួន ៩បញ្ហា នៅសល់១៣បញ្ហាទៀត កំពុងដោះស្រាយបន្ត៕