(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីង (RoboThink) បានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថាកម្មវិធីណូអែលគ្រួសាររីករាយ (Fun Family Christmas Party) ក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសជនដល់សាលាបឋមសិក្សាក្រីក្រមួយកន្លែង ដែលខូចខាតទាំងស្រុងដោយអគ្គីភ័យកាលពីខែមិថុនា កន្លងមកនៅខេត្តកំពង់ឆ្នាំង ។
ពិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីង (RoboThink) នៅសាខាមជ្ឈមណ្ឌលកម្សាន្តកុមារ Urban Space ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីង មាតាបិតា ឬអ្នកអាណាព្យាបាល ព្រមទាំងភ្ញៀវកិត្តិយសសប្បុរសជនក្នុងបរិយាកាសយ៉ាងសប្បាយរីករាយដោយក្នុងនោះមានការប្រគុំតន្រ្តី ការទទួលទានអាហារ និងល្បែងកម្សាន្តជាច្រើនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក D.W Daniel នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនរៀលលាននែរគ្រុប (Riellionaire Group) និងលោក ណាំ ទ្រី នាយកសិក្សាធិការមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីងកម្ពុជាបានសំដែងនូវចំណាប់អារម្មណ៍ក្នុងការបង្កើតកម្មវិធីនេះ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌នេះដូចជា មជ្ឈមណ្ឌលកម្សាន្តអើប៊េនស្ពេស ក្រុមហ៊ុនរ៉ូបូតូរី ក្រុមហ៊ុនរៀលលាននែរគ្រុប ហាងលក់ស្បែងជើងហាវៃយ៉ានេស រោងភាពយន្តព្រីមស៊ីនេផ្លិច ភោជនីយដ្ឋានម៉ាស្ទ័រស៊ុគីស៊ុប ភោជនីយដ្ឋានសាគូរ៉ាប៊ូហ្វេ ហាងយ៉ហបប៊ីកាហ្វេ ហាងឌីបក្លឹប ហាងនំគ្រីស្ពីក្រែម ហាងលក់ស្បែងជើងស៊ុបភើថូស ក្រុមហ៊ុនណាគីគ្រុប ភោជនីយដ្ឋានសាំបា និងក្រុមហ៊ុនក្រាវីធីឌ្រីម ។ លោកទាំងពីរបានបន្ថែមទៀតថា ពិធីនេះមានគោលបំណងផ្តល់ភាពរីករាយជូនដល់សិស្សានុសិស្ស ភ្ញៀវកិត្តិយស និងសប្បុរសជនទាំងអស់ និងចែករំលែកក្តីស្រលាញ់ជូនកុមារក្រីក្រ។
ថ្លែងនៅក្នុងពិធីនោះដែរ លោក នួន បូរ៉ា នាយកសាលាបឋមសិក្សាយុគន្ធរ ក្នុងខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីប្រវត្តិតស៊ូ និងកត្តាប្រឈមជាច្រើនដែលបានកើតឡើងកន្លងមកចំពោះសាលា ជាពិសេសការបាត់បង់ដ៏ធំធេងកាលពីខែមិថុនាកន្លងមកដោយគ្រោះអគ្គីភ័យ។ ក្នុងនោះផងដែរលោកក៏បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីងដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម ញុំាងឳ្យពិធីទាំងមូលប្រព្រឹត្តទៅដោយជោគជ័យ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
គួរបញ្ជាក់ផងដែរថាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីងកម្ពុជាជាមជ្ឈមណ្ឌលដែលបាននាំចូលកម្មវិធីសិក្សាពីសហរដ្ឋអាមេរិកដែលមានកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត វិស្វកម្មទំនើបៗ រួមទាំងឧបករណ៏សិក្សាដែលឆ្លើយតបនឹងយុគសម័យឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីទ្បា និងគ្រឹះស្ថានឯកជនជាង២០ស្ថាប័ននៅក្នុងប្រទេសកម្ពុជានិងដែលកំពុងបណ្តុះបណ្តាលកុមារកម្ពុជាជិត១០០០នាក់ឳ្យក្លាយជាអ្នកបច្ចេកវិទ្យា វិទ្យាសាស្ត្រវ័យក្មេងនាពេលអនាគត។
*ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេកប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៊ីងកម្ពុជា (RoboThink Cambodia)៖ https://www.facebook.com/RoboThinkCambodia ឬទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ 070 697 888 / 085 976 777៕