Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំលើកទីបី ជាមួយអ្នកសារព័ត៌មានប្រមាណជាង១០០នាក់

23-12-2019 16:08

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស បានរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទីបី ដោយមានអ្នកយកព័ត៌មានប្រមាណជាងមួយរយនាក់មកចូលរួម កាលពីចុងសប្តាហ៍កន្លងទៅ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាព ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលក្រុមហ៊ុនបាន និងកំពុងធ្វើ ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកយកព័ត៌មានទាំងអស់។

ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតី របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងកោតសសើរដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនក្នុងស្រុក បានផលិតភេសជ្ជៈ និងស្រាបៀរ ប្រកបដោយស្តង់ដារ និងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងអភិវឌ្ឍសហគមន៍ និងសង្គមផងដែរ តាមរយៈសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌ផ្សេងៗ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ខណៈពេលដែលអាជីវកម្មរបស់ក្រុមហ៊ុនយើងកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ការបរិច្ចាគទៅសង្គមរបស់យើងក៏កាន់តែច្រើនផងដែរ»

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានឆន្ទៈមោះមុតក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគុណភាពលំដាប់អន្តរជាតិ ដើម្បីលើកមុខមាត់ផលិតផល ដែលមានស្លាកយីហោ «ផលិតនៅកម្ពុជា» លើឆាកអន្តរជាតិ។

ជាងនេះទៅទៀត លោកឧកញ៉ា លាង ឃុន ក៏បានថ្លែងអំណរគុណ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ព្រមទាំងអ្នកយកព័ត៌មានទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មជួបជុំអ្នកសារព័ត៌មាននេះផងដែរ៕