(កណ្ដាល)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិពាមរាំងលើ ឃុំពាមរាំ ស្រុកលើកដែក អញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
លោក ព្រំ ឆាត អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីមាន លក្ខណៈជាប្រព័ន្ធ នៅភូមិពាមរាំងលើ ឃុំពាមរាំ ស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
លោកអនុប្រធានមន្ទីរបន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិពាមរាំង ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឲ្យបានត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ការជំទាស់តវ៉ា មានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រយាការតវ៉ា និងវិវាទផ្សេងៗ។
«បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួលបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ»។ លោក ព្រំ ឆាត គូសបញ្ជាក់។
លោក សោម ផល្លា អភិបាលរងស្រុកលើកដែក បានលើកឡើងថា ការបិទផ្សាយនូវការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៉ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រ។
សូមបញ្ជាក់ថា ទូទាំងភូមិពាមរាំងលើ មានក្បាលដីចំនួន ១៦៣១ក្បាលដី ដែលត្រូវបានបិទផ្សាយជាសាធរណៈ៕