(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានខេត្តសៀមរាប បានសហការជាមួយមន្រ្ដីពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារចាស់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះពិនិត្យទំនិញ និងម្ហូបអាហារនៅផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប តែក្រោយការត្រួតពិនិត្យពុំឃើញមានទំនិញខូចគុណភាពឡើយ។
ក្នុងសហប្រតិបត្តការនេះ មន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាមឃាត់មានដូចជា៖ បង្គារថៃ, មឹកកំពង់សោម, មឹកដូង (កោះកុង), បង្អែលូតស្វិត, បង្អែមនំបាញ់ឌុក, ជ្រក់ត្រសក់, ស្ពៃជ្រក់ សរុបទាំងអស់បានចំនួន៧មុខ។ ជាលទ្ធផល យើងពុំបានជួបសារធាតុគីមីហាមឃាត់ណាមួយនៅក្នុងគំរូទាំងនោះឡើយ។
មន្រ្ដីសាខាកាំកុងត្រូល ក៏នធ្វើការបន្តចុះត្រួតពិនិត្យតាមដានការផុតកំណត់ប្រើប្រាស់ របស់ផលិតផលវេចខ្ចប់រួចនៅតាមបណ្ដាតូបលក់មួយចំនួន នៅក្នុងផ្សារ ព្រមទាំងមានការណែនាំផ្សព្វផ្សាយផ្ទាំងរូបភាព Poster ដល់អាជីវករលក់ដូរក្នុងផ្សារ ផងដែរ៕