(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រឡងប្រជែងបែបទំនើបលើកដំបូង នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (អគារ “ក” ជាន់ទី៣) ដើម្បីជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០១៩ ដែលមានចំនួន៣០កន្លែង ខណៈកម្មវិធីប្រឡង តាមប្រព័ន្ធអនឡាញលើកដំបូងនេះ មានអ្នកដាក់ពាក្យប្រឡង រហូតដល់ទៅជាង១២០០នាក់ឯណោះ។
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា នេះជាឆ្នាំទី១ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចាប់ផ្ដើម រៀបចំការប្រឡងតាមបែបទំនើប ប្រព័ន្ធបច្ចេកវិទ្យាតាមអនឡាញ ហើយការប្រឡងបែបទំនើបនេះ គឺក្នុងគោលបំណងគ្រប់គ្រងឲ្យមានតម្លាភាព១០០% ទាំងការចុះឈ្មោះ ស្វែងយល់ពីស្ថិតិអ្នកចុះឈ្មោះ ការរៀបចំដំណើរការប្រឡង និងធ្វើឲ្យបេក្ខជន-បេក្ខនារីមានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ។ ចំណែកអ្នករៀបចំ នៅពេលបញ្ហាណាមួយ គឺយើងមានអ្នកទទួលខុលត្រូវច្បាស់លាស់។
លោកបន្តទៀតថា ជាមួយគ្នានេះ ការប្រឡងយើងអាចធ្វើបានច្រើនប្រភេទ ដើម្បីដឹងពីសម្ថភាពរបស់បេក្ខជន-បេក្ខនារី ទៅលើការប្រើប្រាស់កុំព្យូទ័រ អមដោយសំណួរចចម្លើយតាមអនឡាញ ក៏ដូចជាការសរសេរ ដែលថ្ងៃក្រោយយើងអាចបន្ថែមប្រភេទ ប្រឡងផ្សេងទៀតឲ្យស៊ីជម្រៅ ដើម្បីស្វែងយល់សមត្ថភាពតបស់បេក្ខជន-បេក្ខនារី។ ការប្រឡងតាមរយៈអនឡាញ គឺយើងអាចដឹងលទ្ធផលភ្លាមៗ ហើយអ្វីដែលសំខាន់ គឺនិតិវិធីនៃការដាក់សំណួរ-ចម្លើយ ដើម្បីឲ្យសំណួរមានប្រសិទ្ធិភាព និងមិនលេចចេញទៅកាន់បេក្ខជន ឬបេក្ខនារីណាមួយ ក្រៅពីគណៈកម្មការរៀបចំប្រឡង។
លោក សុខ ពុទ្ធិវុធ បានបន្តថា បើតាមគណៈកម្មការរៀបចំប្រឡង គឺមានបេក្ខជន-បេក្ខនារី ដាក់ពាក្យប្រឡងរហូតដល់ទៅជាង១២០០នាក់ ហើយអ្នកដែលបានបំពេញ បែបបទគ្រប់លក្ខខណ្ឌទាំងអស់ មានចំនួនជាង៥០០នាក់ ហើយត្រូវជ្រើសរើស៩០ នាក់ដើម្បីសម្ភាសន៍ផ្ទាល់ ខណៈដែលក្រសួងត្រូវជ្រើសរើសយក ប្រមាណជា៣០កន្លែង ឲ្យបំរើការងារតាមអគ្គនាយកដ្ឋាននីមួយៗ។ ប៉ុន្តែសម្រាប់អ្នកដែលបានបំពេញ បែបបទគ្រប់លក្ខខណ្ឌទាំងអស់នោះ ក៏មិនអស់ឱកាសដែរ ប្រសិនបើក្រសួងនៅខ្វះមន្រ្តីបម្រើការងារ នៅកន្លែងណាមួយ ក្រសួងនឹងប្រកាសជ្រើសរើសជាថ្មី ហើយបេក្ខជន-បេក្ខនារីទាំងអស់នោះ ក៏ងាយស្រួលក្នុងារប្រឡងដែរ ព្រោះពួកគេទទួលបានព័ត៌មានអំពីការប្រឡងរួចរាល់ស្រាប់៕