(កណ្តាល)៖ សមណសិស្សពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានរៀបចំពិធីបុណ្យតបគុណគ្រូជាលើកទី៥ ដើម្បីបង្ហាញការដឹងគុណគ្រូ ដោយសារគ្រូជា បុគ្គលមានឧបការៈចំពោះសិស្ស គ្រូរាប់ថាជាបុព្វការីជន និងជាមាតាបិតាទី២ របស់សិស្សគ្រប់រូបក្នុងលោក។ ពិធីនេះធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានសង្ឃដីកាថា កម្មវិធីនេះគឺជាសកម្មភាពមនុស្សធម៌យ៉ាងពិសេសពិសាល ប្រសើរបំផុត ផ្សារភ្ជាប់រវាងទំនាក់ទំនងគ្រូ និងសិស្សឲ្យកាន់តែមានភាពជិតស្និទ្ធ ក្នុងន័យថាគ្រូជាបុគ្គលគំរូដែលបានផ្ដល់នូវចំណេះដឹង ពុទ្ធិផ្សេងៗទៀតជាទ្រព្យដ៏មាន តម្លៃក្នុងលោក ឬជាអ្នកផ្ទេរចំណេះជំនាញមកឲ្យសិស្ស។
ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ មានសង្ឃដីកាបន្តថា ពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលមានទីតាំងនៅក្រុងតាខ្មៅនេះ បានដឹកនាំសមណសិស្ស ប្រារព្ធឡើង នូវពិធីតបគុណគ្រូនេះចំនួន៥ដងរួចមកហើយ គឺក្នុងមួយឆ្នាំម្ដងរៀងរាល់ខែធ្នូ ហើយសង្កេតឃើញថា សមណសិស្សតែងបានចូលរួមយ៉ាងពុះពោរ ហួសពីការរំពឹងទុកនេះ គឺជាមោទនភាព និងជាជោគជ័យផ្លែផ្កាថ្មីមួយរបស់ពុទ្ធិកវិទ្យាល័យ ហើយក្នុងនាមគណៈគ្រប់គ្រងព្រះនាយកពុទ្ធិក បានគាំទ្រនិងលើកទឹកចិត្តសាមណសិស្ស បន្តធ្វើ ពិធីបុណ្យតបគុណគ្រូរាល់ឆ្នាំបន្តទៀត។
លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅក្នុងពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានបង្ហាញក្តីរីករាយដែលបានឃើញនូវសកម្មភាព រៀបចំពិធីបុណ្យតបគុណគ្រូនេះ ហើយបានសំណូមពរឲ្យសមណសិស្ស សិស្ស និងនិស្សិត ជំនាន់ក្រោយៗទៀត នៅទូទាំងប្រទេសរៀបចំពិធីនេះឲ្យបានកាន់តែច្រើន និងរៀងរហូត។
សូមជម្រាបថា បច្ចុប្បន្ននេះពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានគណៈគ្រប់គ្រង ចំនួន១២អង្គ/នាក់ សាស្ត្រាចារ្យមានចំនួន៣៤អង្គ/នាក់ ជាព្រះសង្ឃ ចំនួន១១អង្គ/នាក់ មានក្របខណ្ឌចំនួន៩អង្គ/នាក់ ឈ្នួលជាប្រាក់ម៉ោងចំនួន២៥អង្គ/នាក់។ សមណសិស្សសរុបទាំងអស់ចំនួន២៧៣អង្គ/នាក់ ដោយឡែកសមណសិស្ស ដែលស្នាក់នៅក្នុងវត្តប្រជុំជនទីក្រពើហា រួមទាំងសមណនិស្សិត សិក្សានៅរាជធានីភ្នំពេញផងចំនួន១៩៧អង្គ ហើយសម្រាប់ឆ្នាំ២០១៩-២០២០ សមណសិស្សត្រៀម ប្រឡងបាក់ឌុបចំនួន៣០អង្គ និងឌីប្លូមចំនួន៣៧អង្គ/នាក់៕