(ភ្នំពេញ)៖ លោក សុង ប៊ុណ្ណារិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបើកសវនាការប្រកាសាលក្រមលើសំណុំរឿងឃាតកម្ម ម្តាយ និងកូនស្រី ដែលបានរួមគ្នាសម្លាប់បុរសដែលត្រូវជាប្តី និងកូនប្រសារមានឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ ដោយសម្រេចតុលាការបានផ្តន្ទាទោសឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) ដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ និងឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ (កូនស្រី) ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទឃាតកម្ម តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន (២០០លានរៀល។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនម្តាយ និងកូនស្រី ដែលបានរួមគ្នាសម្លាប់បុរសម្នាក់ ដែលត្រូវជាប្តី និងកូនប្រសារ ឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់ ក្រោយអ្នកទាំង២ បានសារភាពទោសកំហុស។
លើករណីនេះដែរ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្លាប់បានឲ្យអ្នកយកព័ត៌មានអង្គភាព Fresh News ដឹងថា ក្រោយបានដំណឹងពីករណីមនុស្សឃាតនេះ សមត្ថកិច្ចរបស់លោកបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងកំណត់ត្រាសំណុំឯកសារភ្លាមៗ ក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងដើមចមនៃអពើឃាតកម្មនេះ សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្តាយ និងកូនស្រីបានសម្លាប់លើបុរសជាប្តី និងជាកូនប្រសារ គឺដំបូងបានកាប់រួចហើយ យកខ្សែភ្លើង និងស្កុតមកចងដៃជើង បន្ទាប់មកយកកាំបិតមកចាក់សម្លាប់បន្ថែម ព្រោះតែខ្លាចជងរងគ្រោះតដៃពួកគេវិញ។ រួចរាល់ហើយ ក៏បាននាំគ្នាមកចូលមកសារភាពតែម្តង ដូច្នេះទើបជនដៃដល់ទាំង២នាក់ (ម្តាយ និងកូនស្រី) ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។
សមត្ថកិច្ចបន្តថា ឃាតកទាំង២នាក់ ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែក ជនរងគ្រោះជាប្តីបានស្លាប់ មានឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។
បើតាមការសារភាពឃាតកទាំង ២នាក់ថា គឺផ្តើមចេញពីទំនាស់រឿងលុយ រហូតឈានដល់រួមគំនិតគ្នា សម្លាប់តែម្តង។ តាមការសារភាពឲ្យដឹងទៀតថា ប្តីប្រពន្ធនេះបានរៀបការគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កន្លងមក ហើយបាននាំគ្នាមកជួល ផ្ទះកើតហេតុស្នាក់។ លុះនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នារីប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយប្តី១ម៉ឺនរៀល ហើយប្តីមិនព្រមឲ្យ ក៏មានទំនាស់សម្តីគ្នារហូតឈានដល់ហឹង្សាម្តាយនិងកូនរួមគ្នចាក់សម្លាប់ជនេងគ្រោះតែម្តង៕