(ក្រចេះ)៖ លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ ត្រូវបានប្រកាសតែងតាំង ឲ្យចូលកាន់តំណែងជាអភិបាលរងខេត្តក្រចេះជាផ្លូវការ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី ក្រុមប្រឹក្សា គណៈអភិបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធ ព្រមទំាងមន្រ្តីរាជការ ជាច្រើននាក់ទៀតផង។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ដែលត្រូវចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញមុខងារបម្រើជាតិ និងប្រជាពលរដ្ឋដូចជា៖
*ជ្ញាគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាពខ្ពស់
*ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
*ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុរបង្ហាញ និងរាល់ការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ឲ្យបានល្អ ដើម្បីពង្រឹងការបម្រើការងារប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការបំពេញភារកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
*អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចាត់តាំង និងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យបានត្រឹមត្រូវ នឹងខ្ជាប់ខ្ជួន ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពនូវគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” គោលនយោបាតាមវិស័យនានា និងយុទ្ធសាស្ត្រការងារអាទិភាពរបស់គណៈអភិបាលខេត្ត
*ចូលរួមលុបបំបាត់រាល់បាតុភាពអសកម្មនានាដែល នៅសេសសល់ ធ្វើឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ
*ចូលរួមពង្រឹងការថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល និងបង្កើនទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ក្នុងខេត្ត។
លោក ងី ច័ន្ទ្រផល បានធ្វើការលើកឡើងអំពីបទពិសោធន៍ការងារ និងស្នាដៃរបស់លោក នុត ពុធដារ៉ា ដែលធ្លាប់ជា៖
*អគ្គនាយករងរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
*អភិបាលរងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
*អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ
*ហើយបច្ចុប្បន្នជាអភិបាលរងខេត្តក្រចេះ និងជាជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
នៅក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានផ្តាំផ្ញើឲ្យអភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយថ្នាក់ដឹកនាំខេត្ត និងស្ថាប័ន មន្ទីរពាក់ព័ន្ធរបស់ខេត្ត ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែប្រសើរឡើងខ្លាំងទៀត។
ការតែងតាំងលោក នុត ពុធដារ៉ា គឺត្រូវទៅកាន់កន្លែងលោក ជាក់ ម៉េងហ៊ាង ដែលត្រូវបានផ្ទេរទៅកាន់អភិបាលរងខេត្តមណ្ឌលគិរី ជំនួសលោក ចឹង សុចន្ថា ដែលត្រូវបានផ្ទេរមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ៕