(ភ្នំពេញ)៖ ដោយអនុវត្តតាមផែនការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨, ១៩ និង ២០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈ បច្ចេកទេស អនុប្រធានក្រុមការងារ តំណាងលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ យោធបរិក្ខារ គ្រឿងបំពាក់ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ។
ការចុះពិនិត្យនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី មេបញ្ជាការរង ព្រមទាំង មន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនាពេលនោះ គណៈកម្មការបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីស្នាមគ្រប់ជំនាញ និងត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទស្សនាហេដ្ឋារចនាសម្ព័ន្ធ និង ត្រួតពិនិត្យសម្ភារៈ បរិក្ខាជាក់ស្តែងតាមមន្ទីរការិយាល័យនីមួយៗផងដែរ៕