(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំឱ្យមានពិធីជួបជុំសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារជាលើកទី៨ (ឆ្នាំទី៧) ជូនចាស់ឥតទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងសមាគមជនឥតទីពឹង សរុបចំនួន ៦២០នាក់ នៅក្នុងបរិវេណ អង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកថែទាំកុមារ បានសម្ដែងការរំភើបត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្ដទុក្ខដាក់គ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកម្តាយតែងតែគិតគូរ និងជួយសម្រាលទុក្ខលំបាក ដល់កូនចៅគ្រប់រូប ដោយមិនទុកកូនចៅក្រខ្សត់ម្នាក់ណាចោលនោះឡើយ។
ជាក់ស្ដែងនៅថ្ងៃទី២១ធ្នូនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្ដីទីកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ-សហការី នៃកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារ ជូនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងមណ្ឌលមែកឈើ នៃសមាគមជនឥតទីពឹងជិត៧០០នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹមនេះ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបុគ្គលិក លោកគ្រូ-អ្នកគ្រូ ចាស់ៗ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក និងបុគ្គលិក អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានជម្រកស្នាក់នៅដ៏កក់ក្តៅ អាហារហូបចុក សម្លៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំ ដល់កុមារ រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ។
អគ្គលេខាធិការស្ដីទីកាកបាទក្រហមកម្ពុជា ក៏បានថ្លែងជំរុញលើកទឹកចិត្ដដល់ កុមារា កុមារី ក្មួយៗសិស្សសិស្សិត ខិតខំប្រឹងប្រែងរៀនសូត្រ ឧស្សាហ៍ព្យាយាម និងតស៊ូ ជម្នះឧបសគ្គ ដើម្បីសម្រេចក្ដីប្រាថ្នា ក្លាយជាធនធានមនុស្សដ៏ល្អ និងគំរូ ជូនប្រទេសជាតិយើង។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៩ នេះជាលើកទី៨ហើយ ដែលកាកបាទក្រហមកម្ពុជា តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើន មកផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌល ព្រមទាំង រៀបចំអាហារ មួយពេលយ៉ាងឆ្ងាញ់ពិសាសម្រាប់គ្រប់ៗគ្នាទៀតផង។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ២០លានរៀលផងដែរ។
ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ របស់មន្ដ្រីកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនទៀត រួមទាំងរៀបចំអាហារ មួយពេលយ៉ាងឆ្ងាញ់ពិសា ផ្ដល់ជូនដល់ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌលទាំងពីរផងដែររួមមាន៖
សម្រាប់អំណោយផ្តល់ជូនអង្គការសង្គ្រោះជនអស់សង្ឃឹមរួមមាន៖ អង្ករ២តោន, មី៥០កេស, ត្រីខ២០កេសធំ, សៀង(ប្រៃ, ផ្អែម)១០០គីឡូក្រាម, ឆៃប៉ូវ(ប្រៃ, ផ្អែម)១០០គីឡូក្រាម, ទឹកក្រូច៣០កេស, ទឹកបរិសុទ្ធអារុណា៥០កេស, ផ្លែប៉ោម, ១០កេស, ផ្លែទំពាំងបាយជូរ១០កេស, ផ្លែក្រូចឃ្វិច១០កេស, ផ្លែមៀន៥០គីឡូក្រាម និងថវិកា៥លានរៀល។
ចំពោះជូនសមាគមជនឥតទីពឹង៖ អង្ករ៥០០គីឡូក្រាម, មី២០កេស, ត្រីខ៥កេសធំ, សៀង(ប្រៃ,ផ្អែម)២០គីឡូក្រាម, ឆៃប៉ូវ (ប្រៃ, ផ្អែម)២០គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ អារុណា១០កេស, ផ្លែប៉ោម២កេស, ផ្លែទំពាំងបាយជូរ២កេស, ផ្លែក្រូចឃ្វិច២កេស, ផ្លែមៀន២០គីឡូក្រាម និងថវិកា២លានរៀល។ដោយឡែក សម្រាប់កុមារ សិស្សនិស្សិតចំនួន ៤៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។ គ្រូ បុគ្គលិក កម្មករ និងចាស់ៗចំនួន១៦៥នាក់ ក្នុងម្នាក់ៗទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត និងថវិកា ១០ម៉ឺនរៀល។
ទន្ទឹមនឹងនោះ កុមារា កុមារី នៃមណ្ឌលខាងលើនេះ ក៏បានសម្ដែងសិល្បៈ ដ៏គួរឱ្យទាក់ទាញអារម្មណ៍ និងភាពសប្បាយរីករាយ ជូនដល់គណៈអធិបតី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនោះផងដែរ៕