(ស្ទឹងត្រែង)៖ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សូមអំពាវនាវយ៉ាងទទូចចំពោះអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ជាពិសេស គឺសហគមន៍មូលដ្ឋាន និងប្រជានេសាទផ្ទាល់ ឲ្យចូលរួមថែរក្សាពូជត្រីកម្រដែលនឹងជិតផុតពូជគ្រប់ប្រភេទ។
ការអង្វរករយ៉ាងទទូចនេះ ព្រោះលោកមើលឃើញថា ការគ្រប់គ្រងវិស័យជលផលដែលពឹងផ្អែកទៅលើមន្រ្តីជលផលតែបួនដប់នាក់ គឺមិនអាចទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព នៃធនធានជលផលនៅដែនទឹកខេត្តស្ទឹងត្រែង នោះទេ។
លោកនាយខណ្ឌបានបន្ថែមថា ការនេសាទត្រីពីធម្មជាតិក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ គឺមានស្ថានភាពហួសកម្រិត នៃផលត្រីដែលមានក្នុងស្តុកនៅខេត្តស្ទឹងត្រែង។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ នៅដែនទឹកនៃខេត្តស្ទឹងត្រែង គឺនៅបន្តមានការនេសាទដោយប្រើគ្រឿងផ្ទុះ និងឆក់ប្រភេទក្តៅ+នឹងត្រជាក់ កើតឡើងស្ទើរតែគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត ការកើនឡើងនៃអ្នកនេសាទខ្មែរឥស្លាមចំណូលស្រុកពីបណ្តាខេត្តផ្សេងៗរាប់រយ រាប់ពាន់គ្រួសារនៅប៉ែកខាងលើនៃទំនប់វារីអគ្គិសនីសេសានក្រោម២ មកធ្វើនេសាទយ៉ាងអនាធិបតេយ្យ បាននឹងកំពុងគំរាមកំហែងដល់ត្រីមេពូជគ្រប់ប្រភេទនៅតំបន់នោះ។
គួរបញ្ជាក់ថា ផលនេសាទ ដែលចាប់បានពីធម្មជាតិកាលពីឆ្នាំ២០១៨ មានប្រមាណ ៧០០០តោន ហើយនៅឆ្នាំ២០១៩នេះ មានប្រមាណ ៥៥០០តោន តែប៉ុនណោះ។
លោកនាយខណ្ឌ បានបន្តអំពាវនាវ ដល់លោក លោកស្រីជាថ្នាក់ដឹកនាំទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហគមន៍ និងអ្នកនេសាទផ្ទាល់ សូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលទាំងនេះ គ្នាធានាបាននូវនិរន្តរភាពដល់កូនចៅយើងជំនាន់ក្រោយៗទៀតផងដែរ។
បន្ថែមពីនេះ សូមគោរពជូនអភិបាលស្ទឹងត្រែង មេត្តាជួយរកមធ្យោបាយទប់ស្កាត់ និងកងប្រដាប់អាវុធទាំងបីប្រភេទ នាំគ្នាជួយ ថែរក្សាសម្បត្តិធម្មជាតិ និងមច្ឆាជាតិ ក្នុងទឹកដីខេត្តស្ទឹងត្រែង បើពុំដូច្នោះទេ ត្រីនៅខេត្តស្ទឹងត្រែងនឹងហិនហោចទៅៗ ជាពុំខាន៕