(ភ្នំពេញ)៖ អ្នកជំនាញអាររ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីសំណង់អាគារសម័យអាណានិគមនិយមបារំាង យើងចំាបាច់ត្រូវអភិរក្ស ពីព្រោះស្ថាបត្យកម្មសំណង់អាគារទំាងនេះគឺជាផ្នែកមួយនៃមរតកប្រវត្ដិសាស្រ្ដ។ ដោយហេតុនេះហើយ ទើបយើងឃើញថា សំណង់អាគារដែលបន្សល់ពីសម័យអាណានិគមនិយមបារំាង មានដូចជា៖ ខេត្ដបាត់ដំបង ក្រចេះនិងកំពត ត្រូវបានរាជរដ្ឋាភិបាល កំពុងធ្វើការរៀបចំដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនោះ។

បើនិយាយពីផលប្រយោជន៍សំណង់ អាគារដែលស្ថិតក្រោមការទទួលស្គាល់របស់អង្គការយូណេស្កូនេះវិញ គឺប្រទេសកម្ពុជាយើង ឬម្ចាស់កម្មសិទ្ធិអាចទទួលបានអ្នកជំនាញបរទេស ឬអាចទទួលបានសម្ភារៈសំណង់ ដោយមិនគិតថ្លៃ ឬដោយតម្លៃថោក បើក្នុងករណីការស្ដារ ឬជួសជុលអាគារចាស់ៗទំាងនេះ ដោយប្រើសម្ភារៈបុរាណដែលមិនផ្លាស់ប្ដូរពណ៌ ឬរចនាបថរបស់អាគារ។ បើដូចនេះយើងគួរនំាគ្នាថែរក្សាសំណង់អាគារទំាងអស់នេះឲ្យបានប្រពៃបំផុត ដោយត្រូវជៀសវាងនូវការបំផ្លាញដោយប្រការណាមួយ ជាហេតុនំាឲ្យក្លាយជាកំហុសប្រវត្ដិសាស្រ្ដ។

លោក រត្ន័ សណ្ដាប់ បន្ដថា ប្រទេសកម្ពុជាយើង បើនិយាយពីប្រវត្ដិសិល្បៈស្ថាបត្យកម្មវិញ គឺសំបូរណាស់។ ដោយក្នុងនោះយើងឃើញស្នាដៃស្ថាបត្យកម្មតំាងពីសម័យមុនអង្គរ សម័យអង្គរ ក្រោយអង្គរ និងស្ថាបត្យកម្មសម័យអាណានិគមនិយមបារំាងនេះឯង។ បើដូចនេះចំពោះស្ថាបត្យកម្មសម័យបារំាង ដែលយើងឃើញរាជរដ្ឋាភិបាលកំពុងខិតខំធ្វើការអភិរក្ស គឺបានឆ្លុះបញ្ចំាងពីប្រវត្ដិស្ថាបត្យកម្មថ្មីមួយទៀតនាសម័យទំនើបយើងនេះ ។ ពីព្រោះសម័យអាណានិគមបារំាងដែលកាន់កាប់ខ្មែរយើង៩០ឆ្នាំកន្លងមកនេះ គឺខ្មែរយើងបានទទួលឥទ្ធិពលរចនាបថថ្មីមួយទៀតពីពួកអឺរ៉ុបហៅថា «ស្ថាបត្យកម្មអាណានិគមនិយម-Colonist Architecture »

ចំពោះស្ថាបត្យកម្មអឺរ៉ុប ដែលខ្មែរហៅថា «អាគារសម័យបារំាង ឬរចនាបថអាណានិគមនិយម»ទំាងនេះ បើតាមពិត គឺជាស្ថាបត្យកម្មមានលក្ខណះចម្រុះពីអ៊ីតាលី ក្រិច រ៉ូមុំាងជាដើម។ដែលជាប្រភពនៃអារ្យធម៌អឺរ៉ុប ហើយបារំាង បានម៉ិចបញ្ចូលគ្នា ដោយពុំបានយករចនាបថបារំាងទំាងស្រុងនោះទេ ពិសេសបារំាងបានម៉ិចបន្ស៊ីគ្នារវាងស្ថាបត្យកម្មខ្មែរយើងផងដែរ។

បានន័យថាបារំាង ពុំបានយកស្ថាបត្យកម្មគាត់មកតម្កល់ នៅក្នុងស្រុកយើងទំាងស្រុងនោះទេ។ ពីព្រោះភូមិសាស្រ្ដស្រុកខ្មែរយើង គឺក្ដៅ-សើម។ ដូច្នេះសំណង់ស្ថាបត្យកម្ម គឺគេត្រូវសិក្សាអំពីស្ថានភាពនៃការរស់នៅរបស់ប្រជាជននេះផងដែរ។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូចនេះចំពោះខេត្ដ ក្រុង ឬម្ចាស់កម្មសិទ្ធិសំណង់អាគារអាណានិគមនិយមបារំាងទំាងនេះ គឺយើងត្រូវគិតថា ខ្លួនមានសំណាងណាស់! មានមោទនភាពណាស់! ដែលខ្លួនមានវាសនាកាន់កាប់អាគារទំាងនេះ។ ពីព្រោះសំណង់អាគាររបស់ខ្លួនត្រូវបានភ្ញៀវទេសចរណ៍គេមកមើល។ ពីព្រោះភ្ញៀវទេសចរណ៍គឺគេមិនទៅមើលអាគារ ឬផ្ទះថ្មីៗនោះទេ៕