(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយវិស័យឯកជន និងភាគីពាក់ផ្សេងទៀត នៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៩ បានបន្តបេីកយុទ្ធនាការអប់រំផ្សព្វផ្សាយ​ «រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍» នៅក្រុងសៀមរាប។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យុទ្ធនាការ អប់រំផ្សព្វផ្សាយនេះ បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀ មរាប និងមានការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប និងយុវជន របស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើ យុទ្ធនាកាអប់រំផ្សព្វផ្សាយ «រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍» នៅចំណុចមុខសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបន្តថាយុទ្ធនាការនេះ មានរៀបចំជាកម្មវិធីសួរ និងឆ្លើយសំណួរយកមួកសុវត្ថិភាព ការចែកជូនឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងស្ទីកឃ័រចំណាំងផ្លាត រួមទាំងការផ្តល់ជូនសេវាត្រួតពិនិត្យសុវត្ថិភាពយានយន្ត ចំនួន៣០ចំណុចដល់អ្នកចូលរួមទាំងអស់។

លោក ព្រំ វន្ថា បានបញ្ជាក់ថា៖«បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងជាពិសេសអ្នកប្រើ ប្រាស់ទោចក្រយានយន្ត អាចចូលរួមឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពពីក្រុមការងារបាន តាមរយៈកម្មវិធី «Cambodia Driving Rules» ដែលជាកម្មវិធីប្រើប្រាស់លើ ឧបករណ៍អេឡិចត្រូនិចបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនហើយបងប្អូនក៏អាចទាញយកកម្មវិធីនេះមកប្រើប្រាស់ក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយឥតគិតថ្លៃ និងអាចទាញយកមកសិក្សារៀនសូត្រអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងប្រលង សាកល្បងដោយខ្លួនឯងបានផងដែរ។

វរៈសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ខេត្តសៀមរាបបានសម្តែងនូវភាពរីករាយដោយបានឃើញពីចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបនៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តផ្ទាល់តែម្តង។ យុទ្ធនាការនេះ គឺពិតជាបានជួយរួមចំណែកអប់រំផ្សព្វផ្សាយបណ្តុះស្មារតីរបស់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ចរាចរណ៍ និងជាពិសេសជំ រុញឱ្យមាន ការពាក់មួកសុវត្ថិភាពគ្រប់ពេលវេលានាពេលប្រើប្រាស់ទោចក្រយានយន្ត មិនថានៅទីជិត ឬឆ្ងាយ ៕